(វ៉ាស៊ីនតោន)៖ ជើងហោះហើរមួយចំនួននៅតាមព្រលានយន្តហោះ ស្ថិតនៅបណ្តារដ្ឋភាគខាងលិចសហរដ្ឋអាមេរិក ត្រូវបានបង្គាប់ឲ្យផ្អាកជាបណ្តោះអាសន្ន ក្រោយពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត គ្រាប់មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ជាការបង្កើនភាពប្រុងប្រយ័ត្ន សម្រាប់ជំហានដំបូង, FAA បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវការហោះហើរចេញពីអាកាសយានដ្ឋានមួយចំនួន ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិចសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន)»

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពកម្របំផុតមួយ ដែលសហរដ្ឋអាមេរិក ជាប្រទេសស្ថិតនៅត្រើយម្ចាងនៃមហាសមុទ្រប៉ាស៊ីហ្វិក បានដាក់ចេញ ដើម្បីឆ្លើយតបនឹងសកម្មភាពកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ការធ្វើប្រតិបត្តិការហោះហើរឡើងវិញ បានកើតមានឡើងតែ ១៥នាទីប៉ុណ្ណោះក្រោយការផ្អាក។ ប្រការនេះត្រូវបានគេមើលឃើញថា អាចជាការធ្វើតេស្តសាកល្បងរបស់ FAA ក្នុងការត្រៀមខ្លួនចាត់វិធានការបន្ទាន់ នៅពេលមានហេតុការណ៍បែបនេះទៀត នៅថ្ងៃមុខ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសេអ៊ូល) ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានអះអាងពីការចាប់បាន សញ្ញានៃការធ្វើតេស្តមីស៊ីល នៅប្រទេសកូរ៉េខាងជើង ដោយវាបានកើតមានឡើង មិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីកូរ៉េខាងជើងដដែលបានធ្វើតេស្តអាវុធថ្មី ដើម្បីស្វាគមន៍ឆ្នាំ២០២២ ដែលក្រោយមកត្រូវបានអះអាងថា ជាប្រភេទមីស៊ីលលឿនជាងសំឡេង៕