(វ៉ាស៉ីនតោន)៖ ក្រុមប៉ូលិសនៅទីក្រុងឡូសអាន់ជេលែស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក បានជួយសង្រ្គោះជីវិតបុរសម្នាក់ ចេញពីយន្តហោះខ្នាតតូចមួយគ្រឿងធុន សេស្នា (Cessna) តែប៉ុន្មានវីនាទីប៉ុណ្ណោះ មុនពេលយន្តហោះនោះ ត្រូវបានរថភ្លើងដែលកំពុងធ្វើដំណើរយ៉ាងលឿន បុកចំមួយទំហឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

ឃ្លីបវីដេអូមួយនៃហេតុការណ៍ខាងលើ បានបង្ហាញពីសកម្មភាពមន្រ្តីប៉ូលិសអាមេរិកប៉ុន្មានរូប នាំគ្នាព្យាយាមជួយទាញបុរសម្នាក់ ដែលកំពុងស្ថិតក្នុងសភាពរងរបួស ចេញពីយន្តហោះខ្នាតតូច ដែលទៅធ្លាក់ចំលើផ្លូវរថភ្លើង ក្រោយហោះឡើងបានតែបន្តិចប៉ុណ្ណោះ។ ក្រោយពួកគេទាញបុរសជាអ្នកបើកយន្តហោះ ចេញមកមិនបានប៉ុន្មានម៉ែត្រផង រថភ្លើងមួយគ្រឿងក៏បានមកដល់កន្លែងកើតហេតុ រួចបុកយន្តហោះនោះមួយទំហឹង ដែលបណ្តាលឱ្យកម្ទេចកម្ទីហោះប៉ើងខ្ទាតខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។

គួរបញ្ជាក់ថា អ្នកបើកយន្តហោះខាងលើ ដែលហាក់មានវ័យចំណាស់ដែរទៅហើយនោះ ត្រូវបានគេព្យាបាលស្នាមរបួសដាច់រលាត់ និងជាំផ្សេងៗ ហើយកំពុងស្ថិតក្នុងស្ថានភាពនឹងនរ។ រីឯអ្នកធ្វើដំណើរនៅលើរថភ្លើង គឺមិនមាននរណាម្នាក់រងរបួសនោះទេ។ ចំណែក ក្រុមប៉ូលិសវិញ គឺត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះ ការបង្ហាញវីរភាពនិងសកម្មភាពយ៉ាងឆាប់រហ័សរបស់ពួកគេ ក្នុងការជួយសង្រ្គោះជីវិតបុរសម្នាក់នោះ៕