(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានថា វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅក្នុងអត្រាមួយមិនធ្លាប់មានពីមុនមក បើធៀបទៅនឹងវីរុសបំប្លែងខ្លួនដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយតាមប្រព័ន្ធអនឡាញ ជាមួយការបញ្ជាក់ដែរថា វីរុសបំប្លែងថ្មី Omicron ទំនងជាមានវត្តមាន រួចទៅហើយ នៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក បើទោះជាមិនទាន់មានការទទួលស្គាល់ ករណីឆ្លងជាផ្លូវការក៏ដោយ។ ប្រមុខអង្គការ WHO រូបនេះបានបន្ថែមដូច្នេះថា «មកទល់នឹងបច្ចុប្បន្ន, ប្រទេសចំនួន ៧៧ហើយ បានរាយការណ៍ពីករណីឆ្លងវីរុសបំប្លែងថ្មី Omicron ហើយវាកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅក្នុងអត្រាមួយមិនធ្លាប់មានពីមុនមក បើធៀបទៅនឹងវីរុសបំប្លែងថ្មីដទៃ»

គួរបញ្ជាក់ថា បើតាមលោក Tedros វ៉ាក់សាំងបង្ការ COVID-19 ហាក់ដូចជាថយចុះប្រសិទ្ធភាពបន្តិចបន្តួច នៅក្នុងការបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ប៉ុន្តែវានៅតែអាចផ្ដល់ការការពារដ៏សំខាន់ដដែល ចំពោះមុខការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron ហើយបើទោះជាវីរុសបំប្លែងថ្មីនេះ មិនបង្កឱ្យមានជំងឺធ្ងន់ធ្ងរក៏ដោយ តែក៏មិនគួរមើលស្រាលស្ថានការណ៍នោះដែរ៕