(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៨,៥៦៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៥៩៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥១,១៣៦,៤៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២១,៣៣៥នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.២៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានផ្តល់ការអនុញ្ញាត សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ឬដូសជំរុញជូនដល់ក្មេងជំទង់ដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំហើយ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសមត្ថភាពរបស់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ក្នុងការបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង សម្រាប់អ្នកដែលបានចាក់ ២ដូសរួចរាល់ហើយនោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៨៥លានដូស ក្នុងនោះប្រជាជន ២៣៩.២៧លាននាក់ (៧២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០០.៧លាននាក់ (៦០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៥៤.៣៥លាននាក់ (១៦.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕