(ព្រុចសែល)៖ អង្គការ NATO បានឆ្លើយតបទៅកាន់ការចោទប្រកាន់ និងព្រមានពីសំណាក់ប្រទេសរុស្ស៊ីវិញថា ខ្លួនគ្មានផែនការក្នុងការដាក់ពង្រាយ គ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម នៅតំបន់អឺរ៉ុបនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

អគ្គលេខាធិការនៃអង្គការ NATO លោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរុស្ស៊ីទៅវិញទេ ទើបជាអ្នកដែលបានរំលោភទៅលើសន្ធិសញ្ញា INF នាប៉ុន្មានឆ្នាំមកនេះ ដោយការដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗ នៅតំបន់អឺរ៉ុប, តែយ៉ាងណាលោកបានអះអាងថា NATO មិនមានបំណងឆ្លុះបញ្ចាំងអ្វីមួយ ចំពោះអាកប្បកិរិយារបស់រុស្ស៊ីនោះឡើយ។

ជុំវិញការលើកឡើងពីរុស្ស៊ី ដោយទាមទារឲ្យមានការរៀបចំ សន្ធិសញ្ញាថ្មីមួយឡើងវិញ ពាក់ព័ន្ធការគ្រប់គ្រងគ្រាប់មីស៊ីល-នុយក្លេអ៊ែរខាងលើនេះ លោក Jens Stoltenberg បានអះអាងតបទៅវិញថា វាគឺជារឿងដែលមិនគួរឲ្យទុកចិត្តឡើយ ព្រោះយើងធ្លាប់មានបម្រាមមួយរួចទៅហើយ ប៉ុន្តែពួកគេ (រុស្ស៊ី) បានល្មើសនឹងបម្រាមនេះ។

ប្រធាន NATO បានលើកឡើងទៀតថា លុះត្រាណាតែរុស្ស៊ីអនុញ្ញាតឲ្យមានការផ្ទៀងផ្ទាត់ថា គ្រាប់មីស៊ីលដែលរំលោភលើសន្ធិសញ្ញា INF ពីមុនទាំងអស់ត្រូវបានបំផ្លាញចោល នោះទើបប្រទេសនេះអាចមកនិយាយ អំពីការបង្កើតសន្ធិសញ្ញាថ្មីបាន, ហើយវាមិនមែនជារឿងត្រឹមត្រូវឡើយ នៅពេលដែលពួកគេមកជំរុញឲ្យបង្កើត សន្ធិសញ្ញាហាមឃាត់ថ្មី ខណៈដែលពួកគេបានចាប់ផ្តើមដាក់ពង្រាយ អាវុធប្រភេទនេះរួចទៅហើយនោះ។

គួរបញ្ជាក់ថា សន្ធិសញ្ញា INF ដែលលោក Jens Stoltenberg បានលើកឡើង គឺត្រូវបានចុះហត្ថលេខាបង្កើតឡើង កាលពីឆ្នាំ១៩៨៧ រវាងមេដឹកនាំសហភាពសូវៀតលោក មីខែល ហ្គ័របាឆូវ (Mikhail Gorbachev) និងប្រធានាធិបតីអាមេរិកលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) នៅកាលណោះ។ INF បានហាមឃាត់វត្តមាន មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម (៥០០ - ៥,៥០០គីឡូម៉ែត្រ) នៅក្នុងតំបន់អឺរ៉ុប។ សន្ធិសញ្ញានេះបានផុតកំណត់ កាលពីឆ្នាំ២០១៩ រួចទៅហើយ ប៉ុន្តែពេលនេះភាគីពាក់ព័ន្ធទាំងឡាយ កំពុងសម្លឹងរកមើលការបន្តវាជាថ្មីឡើងវិញ ស្របពេលស្ថានការណ៍រវាងរុស្ស៉ី និងលោកខាងលិចកំពុងតែតានតឹងខ្លាំង៕