(អាហ្វ្រិកខាងត្បូង)៖ ការសិក្សាបឋមមួយរបស់ក្រុមអ្នកសា្រវជ្រាវ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech អាចនឹងការពារប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

តាមរយៈសារមួយបង្ហោះលើបណ្តាញសង្គម Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក អាឡិច ស៊ីហ្គាល់ (Alex Sigal) ជាសាស្ត្រាចារ្យម្នាក់មកពី វិទ្យាសា្ថនស្រាវជ្រាវសុខាភិបាលអាហ្វ្រិក (Africa Health Research Institute) មានមូលដ្ឋានក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានគូសបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron អាចទម្លុះប្រព័ន្ធភាពសុំាមួយ ផ្នែកដែលបង្កើតឡើងដោយវ៉ាក់សាំង។ ប៉ុន្តែគេនៅមិនទាន់មានការបញ្ជាក់លម្អិត ពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំងនោះទេ ខណៈការសិក្សាខាងលើនៅមិន ទាន់ត្រូវបានពិនិត្យបញ្ជាក់ឡើងវិញនោះដែរ។

គួរបញ្ជាក់ថា បើតាមលោក Alex Sigal ការសិក្សាបឋមខាងលើ ធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ តាមរយៈការធ្វើតេស្ដឈាមលើមនុស្ស ៥នាក់ ក្នុងចំណោម ៦នាក់ ដែលបានចាក់វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Pfizer-BioNTech និងបានឆ្លង COVID-19។ វីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញ ដំបូងគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែវិច្ឆិកាកន្លងទៅ ត្រូវបានអង្គការសុខភាពពិភពលោក WHO ចាត់ទុកថា «វីរុសបំប្លែងថ្មីគួរឱ្យបារម្ភ» តែមិនទាន់ភស្ដុតាងបង្ហាញថា វាមានភាពកាចសាហាវកម្រិតណានៅឡើយទេ ខណៈលទ្ធផលនឹងត្រូវរង់ចាំចាប់ពី ២-៣សប្តាហ៍ទៀតទើបអាចបញ្ជាក់បាន៕