(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៧,៦៤២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៧២២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥០,២៧០,១៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨១០,២៤៦នាក់ និងជាសះស្បើយឡើងសរុប ៣៩.៧៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៃសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា បើតាមលទ្ធផលតាមដានបឋម អាចឲ្យយើងសន្និដ្ឋានបានថា វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) មិនអាក្រក់ ឬខ្លាំងដូចវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកយ៉ាងដំណំ នៅទូទាំងសហរដ្ឋអាមេរិកនោះឡើយ ខណៈការកាត់សេចក្តីពិតប្រាកដ អំពីភាពធ្ងន់ធ្ងររបស់វា នឹងត្រូវការពេលពីរទៅបីសប្តាហ៍ទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៧២លានដូស ក្នុងនោះប្រជាជន ២៣៦.០២លាននាក់ (៧១.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៧.៧៨លាននាក់ (៦០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៤៦.៩៦លាននាក់ (១៤.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕