(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថាលោកខាងលិចអាចនឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកងទ័ពរុស្ស៊ីដែលកំពុងប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន បើកការវាយប្រហារណាមួយ។ នេះបើតាម សេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងជំនួបកំពូលតាមប្រព័ន្ធវីដេអូដ៏តានតឹងជាមួយលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង ចំពោះសកម្មភាពកងទ័ពរុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ថាអាមេរិក និងសម្ព័ន្ធមិត្តរបស់ យើងនឹងធ្វើការឆ្លើយតបតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការដទៃទៀត នៅក្នុងករណីជម្លោះយោធាណាមួយផ្ទុះឡើង»

បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក បៃដិន ក៏បានសង្កត់ធ្ងន់ផងដែរពីការគាំទ្រដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយ អំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងតាមរយៈយន្ដការការទូត។

គួរបញ្ជាក់ថា ជំនួបរវាងលោក បៃដិន និងលោក ពូទីន ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានរុស្ស៊ីអាចនឹងបើកការ វាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាខ្លួនមិនមាន ផែនការវាយប្រហារលើប្រទេសណាមួយទេ តែថារុស្ស៊ីក៏មានបន្ទាត់ក្រហមរបស់ខ្លួនដែរ៕