(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៃសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា បើតាមលទ្ធផលតាមដានបឋម អាចឲ្យយើងសន្និដ្ឋានបានថា វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) មិនអាក្រក់ ឬខ្លាំងដូចវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកយ៉ាងដំណំ នៅទូទាំងសហរដ្ឋអាមេរិកនោះឡើយ ខណៈការកាត់សេចក្តីពិតប្រាកដ អំពីភាពធ្ងន់ធ្ងររបស់វា នឹងត្រូវការពេលពីរទៅបីសប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ AFP លោក Anthony Fauci ដែលត្រូវជាប្រធានក្រុមទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបំបែកអ្វីដែលគ្រប់គ្នាត្រូវយល់ដឹងអំពី Omicron ទៅជាបីផ្នែកសំខាន់ៗដូចជា៖ តើវីរុសបំប្លែងថ្មីនេះ អាចយកឈ្នះប្រព័ន្ធភាពសុំា ដែលមានស្រាប់ដោយរបៀបណា, ឥទ្ធិពលរបស់វាទៅលើវ៉ាក់សាំងបច្ចុប្បន្ន និងកម្រិតនៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ។

បើតាមការគូសបញ្ជាក់របស់លោក Anthony Fauci ក្រោយការតាមដាន ដំណាក់កាលដំបូងពីក្រុមអ្នកវិទ្យាសាស្ត្រ បានពន្យល់ឲ្យយើងដឹងថា «វីរុសបំប្លែងថ្មី Omicron នេះ ស្ទើរតែមិនបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុស Delta នោះឡើយ។ ប៉ុន្តែសម្រាប់សមត្ថភាពនៃការចម្លងវិញនោះ វាប្រាកដណាស់ថា ខ្លាំងជាង Delta ដែលជាវីរុសបំប្លែងខ្លួន កំពុងរាតត្បាតខ្លាំងលើពិភពលោកសព្វថ្ងៃ»

គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង ធ្លាប់បានលើកឡើងថា វីរុសបំប្លែងថ្មី Omicron ក៏អាចធ្វើឲ្យមានករណីលាប់ជំងឺ COVID-19 កើនឡើងនៅលើពិភពលោកផងដែរ។ មិនពីខុសពីអ្វីដែលអង្កការសុខភាពពិភពលោក (WHO) ធ្លាប់បានលើកឡើងនោះឡើយ, ការតាមដាន និងស្វែងយល់ឥទ្ធិពលពិតប្រាកដរបស់ Omicron យ៉ាងហោចណាស់ក៏ត្រូវការពេលចាប់ពី ២-៣ សប្តាហ៍ទៀតដែរ៕