(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃអង្គារនេះ បានសន្យាថានឹងបង្កើនកិច្ចប្រឹងប្រែងជួយសង្រ្គោះមនុស្ស និងការជួសជុលលំនៅឋានដែលរងការខូចខាត បន្ទាប់ពីលោកបានធ្វើទស្សនកិច្ច នៅកាន់តំបន់គ្រោះមហន្តរាយក្បែរភ្នំភ្លើង Semeru ដែលបានផ្ទុះឡើងយ៉ាងកក្រើក និងផ្តាច់ជីវិតមនុស្សរាប់សិបនាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

ភ្នំភ្លើង Semeru ដែលមានកម្ពស់ ៣,៦៧៦ម៉ែត្រ បានផ្ទុះឡើងយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដោយវាបានជះដុំផេះឡើងទៅលើផ្ទៃអាកាស និងធ្លាក់ទៅគ្របដណ្តប់លើភូមិជាច្រើននៅជុំវិញនោះ។ យោងតាមទិន្នន័យចុងក្រោយពី អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៉ី មនុស្សកើនដល់យ៉ាងហោច៣៤នាក់ បានបាត់បង់ជីវិត និង១៧នាក់បន្តបាត់ខ្លួន។ រីឯជិត ៣,៧០០នាក់ ត្រូវបានសង្រ្គោះចេញពីតំបន់រងការប៉ះពាល់។

ក្រោយធ្វើទស្សនកិច្ចនៅ តាមមជ្ឈមណ្ឌលជម្លៀសមនុស្ស និងអង្កេតមើលទីតាំងដែលទទួលរងការប៉ះពាល់ តាមរយៈឧទ្ធម្ភាគចក្ររួចមក លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានបញ្ជាក់ថា កិច្ចប្រឹងប្រែងជួយសង្រ្គោះនិងស្តារឡើងវិញ នឹងត្រូវបង្កើនក៏ដូចជាបន្តទៅមុខយូរទៀត។ លោក Joko Widodo បានថ្លែងបន្ថែមថា «ក្រោយអ្វីៗធូរស្រាលទៅវិញ សង្ឃឹមថាការជួសជុលនឹងអាចចាប់ផ្តើមបានភ្លាមៗ រួមជាការជួយផ្លាស់ទីលំនៅថ្មី ឲ្យជនដែលលំនៅឋានចាស់មានគ្រោះថ្នាក់ខ្ពស់ មិនអាចត្រឡប់ទៅវិញបាន»។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ភ្នំភ្លើង Semeru បានផ្ទុះ៣លើកបន្ថែមទៀត ខណៈអាជ្ញាធរជំនាញរបស់ឥណ្ឌូណេស៉ី បានព្រមានថា សកម្មភាពតានតឹងរបស់វា គឺអាចបន្តថែមទៀត។ ភ្នំភ្លើងនេះ ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មសរុបជិត១៣០កន្លែង នៅប្រទេសឥណ្ឌូណេស៉ី។ វាធ្លាប់បានផ្ទុះឡើងម្តងដែរកាលពីខែមករា ដើមឆ្នាំ២០២១នេះ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ នាពេលនោះ៕