(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រព័ន្ធអប់រំយោធានៃប្រទេសរបស់លោក ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ទ្វេដង ដើម្បីបណ្ដុះបណ្ដាល ក៏ដូចជាផលិតឱ្យបាននូវធនធានមន្ត្រីយោធាដែលមានភាពស្មោះត្រង់ប្ដូរផ្ដាច់ ចំពោះគណបក្សពលករកូរ៉េ (WPK)។ នេះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទលើកទី៨ នៃគ្រូបណ្ដុះបណ្ដាលយោធានៃកងទ័ពប្រជាជនកូរ៉េ ដែលរៀបចំឡើងក្នុងទីក្រុង ព្យុងយ៉ាង កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ លោក គីម បានសង្កត់ធ្ងន់ថាមន្ត្រីយោធាកូរ៉េខាងជើង ត្រូវតែជាកងទ័ពពិតប្រាកដ មានភាពស្មោះត្រង់ប្ដូរផ្ដាច់ ចំពោះថ្នាក់ដឹកនាំនៃគណបក្សពលករ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលគំនិត, វិធីសាស្ត្រ និងការណែនាំរបស់បក្ស។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ, កូរ៉េខាងជើងក៏បានរៀបចំសន្និសីទមួយស្រដៀងគ្នានេះដែរ ដោយនៅពេលនោះលោក គីម ជុងអ៊ុន បានប្រកាស ពីផែនការពង្រីកវិសាលភាពនៃប្រព័ន្ធផ្ដល់រង្វាន់ និងការលើកទឹកចិត្តដល់ភាពស្មោះត្រង់ ចំពោះបក្សពលករដែលជាបក្សកាន់អំណាចតែមួយគត់នៅ កូរ៉េខាងជើង៕