(ណៃពិដោ)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ គឺមួយថ្ងៃមុនពេលលោកស្រី អោង សាន ស៊ូ ជី ត្រូវបានតុលាការមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោមបទល្មើសបំពានវិធានការបង្ការជំងឺ COVID-19 ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានជួបជាមួយឥស្សរជន ០២រូបនៃគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូ ជី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអាល្លឺម៉ង់ DW នៅរសៀលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

កាលពីថ្ងៃអាទិត្យ ទី០៥ ខែធ្នូ លោក មីន អោង ហ្លេង បានជួបសំណេះសំណាលជាមួយ មន្រ្តីជាន់ខ្ពស់ ០២រូបនៃគណបក្ស NLD គឺលោក ធីន អូ (Tin Oo) ដែលអតីតប្រមុខយោធាមីយ៉ាន់ម៉ា និងជាស្ថាបនិកម្នាក់នៃគណបក្សនយោបាយនេះ ព្រមទាំងលោក ឃីន នីនត៍ (Khin Nyunt) ដែលជាអតីតនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា។ សមាជិកដទៃទៀតនៃគណបក្ស NLD បានរិះគន់ជំនួបទាំងនោះ ហើយបានអះអាងថា រដ្ឋាភិបាលយោធាមានគោលបំណងប្រើប្រាស់វា ដើម្បីបម្រើដល់ផលប្រយោជន៍នយោបាយរបស់ខ្លួន។

គួរបញ្ជាក់ថា ជំនួបខាងលើគឺជាលើកទីមួយហើយ ដែលលោក មីន អោង ហ្លេង បានជួបពិភាក្សាជាមួយសមាជិកបក្ស NLD យ៉ាងដូច្នេះ គិតចាប់តាំងពីព្រឹត្តិការណ៍ ដែលសហគមន៍អន្តរជាតិចាត់ទុកថា ជាការធ្វើរដ្ឋប្រហារយោធាទម្លាក់លោកស្រី ស៊ូ ជី រួមជាមួយគណបក្ស NLD ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកស្រី ស៊ូ ជី រួមជាមួយមន្រ្តីជាន់ខ្ពស់ និងមនុស្សជំនិតមួយចំនួនទៀត ត្រូវបានយោធាចាប់ឃុំខ្លួន តាំងតែពីពេលនោះមក។

ជំនួបខាងលើដដែល បានកើតឡើងមួយថ្ងៃ មុនតុលាការមីយ៉ាន់ម៉ា សម្រេចកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគារយៈពេល ៤ឆ្នាំ ក្រោមបទល្មើសញុះញង់ឲ្យមានការបះបោរប្រឆាំងយោធា និងបំពានច្បាប់គ្រប់គ្រងជំងឺ COVID-19។ យ៉ាងណាក្តី នៅយប់ថ្ងៃចន្ទដដែល លោក មីន អោង ហ្លេង ក៏ស្រាប់តែបានស្នើឲ្យបន្ធូរបន្ថយទោសរបស់លោកស្រី ស៊ូ ជី និងអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក វីន ម្យីនត៍ (Win Myint) ដែលត្រូវជាប់ពន្ធនាគារ ០៤ឆ្នាំដូចគ្នា ឲ្យនៅសល់ត្រឹម ០២ឆ្នាំវិញ៕