(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា មនុស្ស៥នាក់បានបាត់បង់ជីវិត និងយ៉ាងហោច១៥នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីកងកម្លាំងយោធាមីយ៉ាន់ម៉ា បានបើករថយន្តបំបុកក្រុមបាតុករ កាលពីព្រឹកថ្ងៃអាទិត្យនេះ នៅឯទីក្រុងរ៉ង់ហ្គូន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១។

សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Now បានរាយការណ៍ថា មនុស្សជាច្រើននាក់ទៀត ក៏បានទទួលរងរបួសផងដែរ ក្នុងហេតុការណ៍ខាងលើ។ រូបភាពនិងឃ្លីបវីដេអូលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញ រថយន្តមួយគ្រឿងដែលបានបើកបុកក្រុមបាតុករ រួមជាមួយសាកសពមនុស្សនៅលើផ្លូវ។ យ៉ាងណាក្តី បាតុកម្មដាច់ដោយឡែកមួយទៀត ត្រូវបានធ្វើឡើង នៅទីក្រុងរ៉ង់ហ្គូនដដែល នារសៀលថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា សកម្មភាពធ្វើបាតុកម្មនៅតែបន្តក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាគិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះ មនុស្សច្រើនជាង ១,៣០០នាក់ ត្រូវបានសម្លាប់ក៏ដោយ។ ខាងយោធាមីយ៉ាន់ម៉ា មិនទាន់ឃើញចេញមុខផ្តល់ការបកស្រាយអ្វីនៅឡើយទេ ជុំវិញហេតុការណ៍ខាងលើ៕