(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី (BNPB) នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើង សេម៉េរូ (Semeru) នៅកោះជ្វា បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ១៣នាក់ ហើយបង្កឲ្យជិត១០០នាក់ផ្សេងទៀត ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១។

ភ្នំភ្លើង Semeru ដែលជាភ្នំខ្ពស់ជាងគេប្រចាំនៅកោះជ្វា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានផ្ទុះជះផេះនិងដុំពពកដ៏ក្តៅគគុក ឡើងទៅលើផ្ទៃអាកាស ដែលបានគ្របដណ្តប់ភូមិជាច្រើននៅជុំវិញនោះ ក្នុងខេត្តជ្វាខាងកើត ជាហេតុបណ្តាលឲ្យមនុស្សម្នា នាំគ្នារត់ភៀសខ្លួនទាំងភ័យតក់ស្លុត។

ទីភ្នាក់ងារ BNPB បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងតិច១៣នាក់ បានបាត់បង់ជីវិត ក្រោយបន្ទុះភ្នំភ្លើងខាងលើ។ ចំណែកមនុស្ស៩៨នាក់ទៀត បានរងរបួស ក្នុងនោះមានស្រ្តីមានផ្ទៃពោះ ២នាក់ផងដែរ និង៩០២នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។

គួរបញ្ជាក់ថា ភ្នំភ្លើង Semeru ដែលមានកម្ពស់ជាង ៣,៦០០ម៉ែត្រ គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មសរុបជិត១៣០កន្លែង នៅប្រទេសឥណ្ឌូណេស៉ី។ វាធ្លាប់បានផ្ទុះឡើងម្តងដែរកាលពីខែមករា ដើមឆ្នាំនេះ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ នាពេលនោះ៕