(ហ្សឺណែវ)៖ ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ អង្គការសុខភាពពិភពលោក (WHO) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានគូសបញ្ជាក់ប្រាប់នៅក្នុងសន្និសីទមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គ្រប់គ្នាមិនគួរតក់ស្លុតខ្លាំងពេក ចំពោះការលេចឡើងនូវវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នោះឡើយ។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី Soumya Swaminathan បាននិយាយថា «យើងត្រូវត្រៀមខ្លួន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ប៉ុន្តែកុំភ័យស្លន់ស្លោពេក ព្រោះយើងស្ថិតក្នុងស្ថានភាពខុសពីឆ្នាំមុន»

លោកស្រី Soumya Swaminathan បានបន្ថែមថា វីរុសបំប្លែងថ្មី ដែលឆ្លងរីករាលដាលយ៉ាងលឿនរហ័ស ត្រូវតែជាវីរុសដែលបង្កឱ្យមានការឆ្លងរីករាលដាលបានកាន់តែច្រើន ដែលប្រកួតប្រជែងជាមួយវីរុសបំប្លែងថ្មី Delta ប៉ុន្តែគេមិនទាន់ដឹងច្បាស់អំពីឥទ្ធិពល ឬភាពកាចសាហាវនៃវីរុសបំប្លែងថ្មី Omicron នេះនៅឡើយទេ។

បើតាមអង្គការ WHO វីរុស COVID-19 បំប្លែងថ្មី Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ៣៨ ហើយ ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីការស្លាប់ដោយវីរុសនេះនៅឡើយទេ។

ជុំវិញបញ្ហានេះ អង្គការ WHO បានព្រមានថា ពិភពលោកអាចនឹងត្រូវចំណាយពេល ជាច្រើនសប្តាហ៍ទៀត ដើម្បីកំណត់ថា តើវីរុសនេះមានលក្ខណៈឆ្លងបែបណាថា, តើវាបណ្តាលឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដែរ ឬយ៉ាងណា និងថាតើការព្យាបាល និងវ៉ាក់សាំងនាពេលបច្ចុប្បន្ន មានប្រសិទ្ធភាពយ៉ាងណាប្រឆាំងនឹងវា៕