(ប៉េកាំង)៖ ក្នុងឱកាសខួប៨០ឆ្នាំ នៃការផ្សាយសំឡេងទៅកាន់បរទេសរបស់ប្រជាជនចិន នៅថ្ងៃទី៣ ខែធ្នូ លោក ស៊ី ជីនភីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន, ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារលិខិតចូលរួមអបអរសាទរចំពោះបុគ្គលិកទាំងអស់នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រម និងផ្ញើការសួរសុខទុក្ខដ៏ស្មោះអស់ពីដួងចិត្តចំពោះមិត្តភក្តិអន្តរជាតិដែលបាន និងកំពុងគាំទ្រការងារផ្សាយសំឡេងទៅកាន់បរទេស របស់ប្រជាជនចិន។

ថ្លែងក្នុងសារលិខិត លោកស៊ី ជីនភីង បានរំពឹងទុកថាបុគ្គលិកទាំងអស់នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អាចធ្វើការត្រួសត្រាយប្រកបដោយភាពច្នៃប្រឌិតថ្មី ជាបន្តបន្ទាប់ បង្កើនសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ ដើម្បីបង្កើតជាប្រព័ន្ធសារព័ត៌មានបែបថ្មីលំដាប់អន្តរជាតិដែលមានកម្លាំងដឹកនាំ កម្លាំងផ្សព្វផ្សាយនិងឥទ្ធិពលយ៉ាងខ្លាំងក្លា ក្នុងន័យរួមចំណែកកាន់តែធំក្នុងការសម្រេចក្តីសុបិនចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ និងជំរុញការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការផ្សាយសំឡេងជា ៤៤ ភាសាទៅកាន់បរទេស៕