(វីយ្យែន)៖ កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់សប្ដាហ៍ ក្រោយ ខណៈក្រុមមន្ត្រីអឺរ៉ុបបង្ហាញការស្រងាកចិត្ត ជុំវិញសំណើរបស់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

កិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស គឺជាជុំទី៧ហើយដែលមានគោលដៅសំខាន់ថាតើត្រូវធ្វើបែបណាក្នុងការសា្ដរកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ ដោយក្នុងនោះអ៉ីរ៉ង់ត្រូវបញ្ឈប់ការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតដែលបានកំណត់ ជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

បើតាមក្រុមមន្ត្រីការទូតអឺរ៉ុប, ប្រតិភូអ៉ីរ៉ង់បានស្នើឱ្យមានការកែប្រែអត្ថបទមួយព្រមព្រៀងឡើងនៅក្នុងកិច្ចប្រជុំនៃជុំមុនៗ ដែលក្រុមមន្ត្រីអឺរ៉ុបអះអាងថាសម្រេចបាន ៧០ ទៅ៨០ភាគរយទៅហើយ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម ក្រុមមន្ត្រីជាន់ខ្ពស់មកពីបារាំង, ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានលើកឡើងដូច្នេះថា «កាលពីជាង៥ខែមុន, អ៉ីរ៉ង់ បានបង្កការរំខានដល់កិច្ចចរចាម្ដងរួចមកហើយ...តែនៅក្នុងសប្ដាហ៍នេះ អ៉ីរ៉ង់បានបង្កភាពយឺតយ៉ាវសាជាថ្មីដល់ការរីកចម្រើននៃកិច្ចចរចាការទូត ដោយស្នើឱ្យមានការកែប្រែ ហួសហេតុពេកលើចំណុចដែលបានព្រមព្រៀងគ្នា»

គួរបញ្ជាក់ថា កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅក្នុងសប្ដាហ៍នេះគឺជាជំនួបរវាងបណ្ដាប្រទេសដែលបន្តស្ថិតនៅជាភាគីនៃកិច្ចព្រមព្រៀងរួមមាន អ៉ីរ៉ង់, រុស្ស៊ី, ចិន, ចក្រភពអង់គ្លេស, បារាំង និងអាល្លឺម៉ង់ ខណៈសហរដ្ឋអាមេរិក បានដកខ្លួនចេញកាលពីឆ្នាំ២០១៨ នៅក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ លោក ចូ បៃដិន ក៏ធ្លាប់បានបង្ហាញពីបំណងនាំសហរដ្ឋអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនេះដែរ ប៉ុន្តែបានស្នើឱ្យអ៉ីរ៉ង់ត្រូវបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាមុនសិន៕