(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានប្រកាសថា អ្នកដែលចង់ចូលហាងកាហ្វេ ភោជនីយដ្ឋាន រោងភាពយន្ត ព្រមទាំងកន្លែងសាធារណៈផ្សេងៗ ទៀត នឹងចាំបាច់ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំង COVID-19 របស់ពួកគេ នៅចំពោះមុខការកើនឡើងនៃករណីឆ្លង និងក្រោយករណីវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន៥ករណី ត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានប្រកាសថា ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ អ្នកដែលចង់ចូលទៅកាន់ កន្លែងទីសាធារណៈចំនួន១៤ប្រភេទ ដែលត្រូវបានកំណត់ ក្នុងនោះរួមមានទាំងកន្លែងទទួលបដិសណ្ឋារកិច្ច និងកន្លែងកម្សាន្ត ចាំបាច់នឹងត្រូវតែ បង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការ COVID-19។ ប្រជាជនកូរ៉េខាងត្បូង មានពេលយោគយល់ចំនួន១សប្តាហ៍ ដើម្បីសម្របខ្លួនតាមគោលការណ៍ថ្មីនេះ។

ចាប់ពីខែកុម្ភៈ ឆ្នាំក្រោយទៅ អាយុសម្រាប់អ្នក ដែលតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំង នឹងបន្ទាបទៅដល់ត្រឹមអ្នកអាយុ១២ឆ្នាំ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចបន្ថយអាយុលើកលែងពីកម្រិតបច្ចុប្បន្នគឺ១៧ឆ្នាំ ទៅដល់១២ឆ្នាំបែបនេះ ដោយសារចង់ជំរុញឲ្យក្មេងៗវ័យជំទង់ នាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈក្រុមអ្នកអាយុក្រោម១៨ឆ្នាំ រ៉ាប់រង២០ភាគរយ នៃករណីឆ្លងសរុប នៅក្នុងប្រទេសអាស៉ីខាងកើតមួយនេះ។

គួរបញ្ជាក់ថា ករណីឆ្លងវីរុសបំប្លែងថ្មី Omicron សរុបចំនួន៥ករណីហើយ ត្រូវបានរកឃើញនៅកូរ៉េខាងត្បូង។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងប្រចាំថ្ងៃរហូតដល់ ៥,២៦៦នាក់ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុត។ សម្រាប់ករណីឆ្លងសរុបនៅទូទាំងប្រទេសវិញ កូរ៉េខាងត្បូងមាន ៤៦២,៥៥៥នាក់ ក្នុងនោះស្លាប់ ៣,៧៣៩នាក់។ ចំណែក អត្រាចាក់វ៉ាក់សាំង កូរ៉េខាងត្បូងចាក់បានពេញលេញ ៩១.៦ភាគរយនៃប្រជាជន ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ប៉ុន្តែអត្រាអ្នកទទួលដូសជំរុញ ស្ថិតនៅទាបនៅឡើយគឺត្រឹម ៨.១ភាគរយ៕