(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអ្វីដែលពួកគេហៅថា សកម្មភាពឯកតោភាគី និងបង្កបញ្ហារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ការព្រួយបារម្ភខាងលើធ្វើឡើង នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោន រវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) និងអគ្គលេខាធិការកិច្ចការបរទេស នៃសហភាពអឺរ៉ុប លោក ស្ទេហ្វាណូ សាននីណូ (Stefano Sannino)។ សេចក្ដីថ្លែងការណ៍ដដែល ក៏បានសង្កត់ធ្ងន់ផងដែរពីភាពចាំបាច់ ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីគ្រប់គ្រងការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ ក្រៅពីសំណុំរឿងសមុទ្រចិនខាងត្បូង មន្ត្រីជាន់ខ្ពស់អាមេរិក និងសហភាពអឺរ៉ុបក៏បានពិភាក្សាគ្នាដែរលើបញ្ហាសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង, ទីក្រុងហុងកុង និងតំបន់ទីបេ។ លោកស្រី Wendy Sherman និងលោក Stefano Sannino គ្រោងនឹងពិភាក្សាគ្នាបន្ថែមទៀតពាក់ព័ន្ធនឹងចិន នៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ភ្លាមៗបែបនេះ ទីក្រុងប៉េកាំងមិនទាន់ធ្វើការឆ្លើយតប ណាមួយនៅឡើយទេ៕