(ប៉េកាំង)៖ ក្នុងឱកាសដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃវេទិកាចិន-សហគមន៍អាមេរិកឡាទីន និងការាបៀនលើកទី៣ ជិតនឹងបើក បណ្តាញទូរទស្សន៍អន្តរជាតិចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានផ្តួចផ្តើមគំនិត និងរួមសហការជាមួយប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួនជាង៣០ ក្នុងតំបន់អាមេរិកឡាទីនដើម្បីចេញផ្សាយ គំនិតផ្តួចផ្តើម «ប្រតិបត្តិប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីន» នៅថ្ងៃទី ២ ខែធ្នូ។

ប្រព័ន្ធសារព័ត៌មានរបស់ចិន និងអាមេរិកឡាទីននឹងរួមសហការគ្នាដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំង និងបង្កើនគំនិតឯកភាព រួមរវាង
ប្រព័ន្ធសារព័ត៌មានតាមទម្រង់ដូចជាបើកធ្វើវេទិកាតាមអនឡាញ ថតវីដេអូ រៀបចំពិព័រណ៍ភាពយន្ត និងផលិតកម្មវិធីសន្ទនាគ្នារវាងយុវជនជាដើម។

ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមគ្គុទេ្ទសក៍នៃប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីនឆ្នាំ២០១៦ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថាការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មាន គឺជាចំណែកដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិកឡាទីន ប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីននឹងទទួលបានសមិទ្ធផលយ៉ាងច្រើនក្នុងការបន្តវេន និងអភិវឌ្ឍចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងរួមសហការយ៉ាងមុតមាំជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកឡាទីន ដើម្បីធ្វើការអភិវឌ្ឍរួមនិងរក្សាការប្រាស្រ័យ ទាក់ទងគ្នា យ៉ាងទូលំទូលាយ ប្រកាន់ខ្ជាប់គុណតម្លៃព័ត៌មានដែលប្រកបដោយ ភាពយុត្តិធម៌ និងសត្យានុម័ត ពង្រីកវិស័យផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ក្នុងន័យរួមចំណែកក្នុង ការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិកឡាទីន ថែមមួយកម្រិតទៀត៕