(កង់បេរ៉ា)៖ មកទល់នឹងពេលនេះ មិនទាន់មានភស្ដុតាងបង្ហាញថាវីរុស COVID-19 បំប្លែងថ្មី Omicron មានភាពកាចសាហាវ ឬចម្លងជំងឺលឿនរហ័សដល់កម្រិតណាទេ ដោយគ្រាន់តែគេដឹងជាបឋមថាវីរុសបំប្លែងថ្មីនេះ បានបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន នៅក្នុង «spike protein» ដែលជាប្រូតេអ៉ីនម្យ៉ាងត្រូវបានវីរុសប្រើប្រាស់ ដើម្បីចម្លងជំងឺ និងភ្ជាប់ខ្លួនទៅកាន់កោសិការបស់មនុស្ស។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានគេកំណត់អត្តសញ្ញាណដំបូងគេ វីរុសបំប្លែងថ្មីនេះមិនបានបង្ក
រោគសញ្ញាធ្ងន់ធ្ងរអ្វីដល់អ្នកជំងឺនោះទេ បើទោះជាអង្គការសុខភាពពិភពលោក WHO បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងព្រមានពីហានិភ័យ ខ្ពស់បង្កឡើងដោយ Omicron ក៏ដោយ។

ក្រុមអ្នកជំនាញមួយចំនួនធ្លាប់បានព្យាករថា COVID-19 នឹងក្លាយជាវីរុសដែលលែងមានភាពកាចសាហាវ ឬប្ដូរពីវីរុសឆ្លងរាតត្បាតសកល «pandemic» ទៅជាកម្រិត វីរុសឆ្លងរាតត្បាតដោយតំបន់ ឬត្រាំត្រែង «endemic» ហើយវាក៏អាចទៅរួចដែរដែល Omicron ប្រហែលគឺជាជំហានដំបូងការផ្លាស់ប្ដូរនេះ។

*មានរោគសញ្ញាស្រាល តែអាចចម្លងជំងឺលឿនរហ័ស

បើតាមអង្គការសុខភាពពិភពលោក WHO, វីរុសបំប្លែងថ្មី Omicron អាចមានសមត្ថភាពចម្លងជំងឺយ៉ាងឆាប់រហ័ស តែមិនទាន់មានភស្តុតាងណាមួយបង្ហាញថាវាមានភាព កាចសាហាវធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏ស្លាប់នោះទេ។ តែអ្វីដែលគេនៅតែបារម្ភ នោះគឺថាប្រសិនបើ Omicron មិនបង្ករោគសញ្ញាធ្ងន់ធ្ងរ នោះមនុស្សជាច្រើនអាច នឹងធ្វេសប្រហែសក្នុងការធ្វើតេស្ដ ហើយក៏មិនធ្វើចត្តាឡីស័កនោះដែរ ឬអាចនិយាយបានថាពួកគេមិនដឹងថាខ្លួនឯងឆ្លង COVID-19 ឡើយ។

ជាធម្មតា វីរុសដែលមិនសូវមានភាពកាចសាហាវ វាមានសមត្ថភាពចម្លងជំងឺទៅកាន់មនុស្សច្រើនជាងវីរុសដែលមានភាពកាចសាហាវ ពីព្រោះថាវីរុសមិនសូវកាចសាហាវ ធ្វើឱ្យមនុស្សមិនសូវមានការប្រុងប្រយ័ត្ន។ ក្រុមអ្នកវិទ្យាសាស្ត្រ មិនទាន់អាចបញ្ជាក់បានថាតើវីរុស Omicron អាចចម្លងជំងឺលឿនរហ័ស ឬមានកាចសាហាវជាងវីរុស COVID-19 បំប្លែងថ្មីដទៃដូចជា Delta ទេ ដ្បិត Omicron កំពុងឆ្លងរាតត្បាតខ្លាំងតែក្នុងតំបន់អាហ្វ្រិក។

*តើ Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងដែរឬទេ?

ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងបន្តធ្វើការសិក្សាស្រាវជ្រាវស្វែងរកព័ត៌មានបន្ថែម ដើម្បីកំណត់ថាតើវីរុសបំប្លែងថ្មី Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងដែរឬទេ? ខណៈ មានការព្រួយបារម្ភថាការបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើននៅក្នុង «spike protein» អាចនឹងធ្វើឱ្យវីរុសបំប្លែងថ្មីនេះអត់ធន់ជាមួយវ៉ាក់សាំង។

ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើន ជឿថាប្រទេសដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងបានច្រើន ឬក្នុងកម្រិតខ្ពស់អាចនឹងមានសុវត្ថិភាពជាងបណ្ដាប្រទេសដែលមានអត្រា ចាក់វ៉ាក់សាំងទាប។ ជាឧទាហរណ៍បណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកតែម្ដងដែលកំពុងប្រឈមមុខខ្លាំងជាងគេនឹងវីរុសបំប្លែងថ្មី Omicron។

តែទោះជាបែបនេះក្ដី, ការលេចឡើងនូវវីរុសបំប្លែងថ្មី Omicron វាបានបង្ហាញយ៉ាងច្បាស់ថាពិភពលោកនឹងមានសុវត្ថិភាពពេញលេញឡើយ ប្រសិនបើតំបន់ ឬផ្នែកខ្លាំង នៃពិភពលោកនៅតែបន្តរងគ្រោះដោយសារ COVID-19 ឬមានអត្រាចាក់វ៉ាក់សាំងទាប។ ដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក ពិតជាមានសារៈសំខាន់ ណាស់ក្នុងការយកឈ្នះលើ COVID-19៕

ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១)