(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ នេះបានរាយការណ៍ឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគកណ្តាល នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លាញ ខណៈផ្លូវថ្នល់ជាច្រើនខ្សែ ក៏ត្រូវបានរងការខូចខាតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរវៀតណាមបានឲ្យដឹងទៀតថា មកទល់ថ្ងៃព្រហស្បតិ៍នេះ កម្រិតទឹកជំនន់បានស្រកចុះវិញ ហើយកិច្ចខិតខំប្រឹងប្រែង បាននិងកំពុងដំណើរការ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ខណៈផ្លូវថ្នល់មួយចំនួនត្រូវបានកាត់ផ្ដាច់។ អាជ្ញាធរវៀតណាមបានបន្ថែមថា ខេត្ត ហ្វូ យ៉េន (Phu Yen), ប៊ិញ ឌិញ (Binh Dinh) និង ដាក់ ឡាក់ (Dak Lak) បានរងការវាយប្រហារខ្លាំងបំផុត ដោយគ្រោះទឹកជំនន់បានជនលិច និងបំផ្លាញផ្ទៃដីវាលស្រែប្រមាណ ៧៨០ហិកតា។

គួរបញ្ជាក់ថា ប្រទេសវៀតណាមងាយនឹងរងការវាយប្រហារដោយ ព្យុះភ្លៀង និងទឹកជំនន់ខ្លាំងណាស់ ដោយសារតំបន់ឆ្នេរសមុទ្រ នៃប្រទេសនេះមានប្រវែងវែង។ គ្រោះធម្មជាតិដែលភាគច្រើនជាគ្រោះទឹកជំនន់ និងបាក់ដី ដែលបង្កឡើងដោយព្យុះភ្លៀង បានសម្លាប់មនុស្សចំនួន ៣៧៨នាក់កាលពីឆ្នាំ២០២០៕