(សិង្ហបុរី)៖ សហរដ្ឋអាមេរិកបានអះអាងថា ការគំរាមកំហែងពីសំណាក់ចិន ដែលកំពុងកើនឡើងចំពោះតៃវ៉ាន់ គឺកាន់តែត្រូវការឲ្យសហរដ្ឋអាមេរិកជួយកោះនេះ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

ការលើកឡើងដូចខាងលើនេះ ត្រូវបានធ្វើឡើងដោយលោក ដានីញែល គ្រីធិនប្រ៊ីង (Daniel Kritenbrink) ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាការឆ្លើយតបចំពោះសំនួរដដែលជាដដែល អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជួយកោះតៃវ៉ាន់ ប្រសិនបើចិនបើកការវាយប្រហារ។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកខាងលើនេះ បានលើកឡើងយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិកនឹងជួយតៃវ៉ាន់ឲ្យមានសមត្ថភាព «ការពារខ្លួនឯង» និងទៅលើផ្នែកពាណនិជ្ជកម្ម។

ក្រៅពីការថ្លែងពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់, លោក Daniel Kritenbrink ដែលកំពុងធ្វើទស្សនកិច្ចនៅសិង្ហបុរីនោះ ក៏បានលើកឡើងផងដែរអំពីបញ្ហាមីយ៉ាន់ម៉ា ដោយក្នុងនោះលោកបានជំរុញឲ្យ បណ្តាមេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងអស់ បង្កើនការដាក់សម្ពាធបន្ថែមទៀត ទៅលើរបបយោធានៅមីយ៉ាន់ម៉ា៕