(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានសម្រេចដាក់ចេញនូវវិធានការរឹតត្បឹតព្រំដែន, បន្ថែមការធ្វើចត្តាឡីស័ក រួមនិងចំណាត់ការមួយចំនួនទៀត ដើម្បីជួយបន្ថយជាមុន នូវហានិភ័យនៃការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron ប្រសិនបើ វាមកដល់ប្រទេសដែលមានប្រជាជនច្រើនបំផុតមួយនេះ ប្រចាំតំបន់អាស៉ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសឥណ្ឌូណេស៊ី ដែលធ្លាប់ជាចំណុចកណ្តាលនៃការឆ្លងរីករាលដាលនៃ COVID-19 នៅក្នុងទ្វីបអាស៊ី មិនទាន់រកឃើញវីរុសបំប្លែងថ្មី Omicron នៅឡើយទេ ប៉ុន្តែកំពុងបង្កើនវិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាន រួមទាំងការបន្ថែមពេលវេលាធ្វើចត្តាឡីស័កជាចាំបាច់ នៅពេលមកដល់ប្រទេសនេះ ពី០៧ថ្ងៃ ឲ្យទៅដល់ ១០ថ្ងៃ ។

ទេសរដ្ឋមន្ត្រីឥណ្ឌូណេស៉ី លោក ល៊ូហ៊ុត ផានចៃតាន់ (Luhut Pandjaitan) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញថា «គោលការណ៍នេះនឹងត្រូវពិនិត្យឡើងវិញទៅតាមពេលវេលា ខណៈយើងព្យាយាមស្វែងយល់ឲ្យកាន់តែច្បាស់ និងបន្តប្រមូលទិន្នន័យបន្ថែមទៀតអំពីវីរុសបំប្លែងថ្មី Omicron។

ការធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ីពីប្រទេសចំនួន ១១ រួមទាំងអាហ្វ្រិកខាងត្បូង បុតស្វាណា ណាមីប៊ី និងនីហ្សេរីយ៉ា ជាដើម នឹងមិនអនុញ្ញាតឡើយ លើកលែងតែជនជាតិឥណ្ឌូណេស៊ី ដែលត្រឡប់មកចូលប្រទេសវិញប៉ុណ្ណោះ ប៉ុន្តែពួកគេនឹងត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ បានណែនាំថា វីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសជាង២០ហើយនោះ អាចបង្ករការចម្លងបានយ៉ាងលឿនរហ័ស ធៀបនឹងវីរុស COVID-19 មុនៗ ដែលវាជាការគំរាមកំហែងដល់ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក (WHO) ប្រទេសជាង ៥០ បានសម្រេចដាក់ចេញនូវវិធានការទប់ស្កាត់ការធ្វើដំណើរសាជាថ្មី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕