(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២០,៤៤១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៦៣៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៥៧៣,១២២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៥,០០៤នាក់ និងជាសះស្បើយឡើងសរុប ៣៩.៣២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) និងជាករណីទី ១ ផងដែរសម្រាប់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) និងអាជ្ញាធរសុខាភិបាលពាក់ព័ន្ធ ទូទាំងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេនឹងបន្តការតាមដាន និងសិក្សាស្វែងយល់ឲ្យបានលម្អិត ចំពោះឥទ្ធិពលរបស់ Omicron មុខនឹងសម្រេចដាក់ចេញ នូវវិធានការផ្នែកសុខាភិបាលថ្មីទៀត៕

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៦១លានដូស ក្នុងនោះប្រជាជន ២៣៣.២លាននាក់ (៧០.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥.៥៥លាននាក់ (៥៩.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៤១.០៥លាននាក់ (១២.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕