(សិង្ហបុរី)៖ ក្រុមអ្នកជំនាញសុខាភិបាលបាននិយាយថា វាដូចជាលឿនពេកហើយ ដើម្បីដឹងឱ្យប្រាកដថា តើការដាក់ចេញវិធានការរឹតត្បិតឡើងវិញ ពិតជាចាំបាច់បន្ទាន់ ក្នុងការទប់ស្កាត់វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងប្រទេសសិង្ហបុរី ឬក៏យ៉ាងណាទេ ប៉ុន្តែក្នុងករណីចាំបាច់ ការរឹតត្បិតលើការធ្វើដំណើរ និងការរក្សាគម្លាតសុវត្ថិភាព គឺជាវិធានការដ៏មានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

បើតាមសាស្ត្រាចារ្យរង លោកស្រី ណាតាហ្សា ហូវើដ (Natasha Howard) មកពីវិទ្យាស្ថានសុខាភិបាលសាធារណៈ នៃសាកលវិទ្យាល័យសិង្ហបុរីឲ្យដឹងថា វីរុសបំប្លែងថ្មី Omicron ទំនងជាអាចចម្លងជំងឺបានលឿនរហ័សជាងវីរុសបំប្លែងថ្មី Delta ហើយនេះមានន័យថា Omicron អាចនឹងធ្វើឱ្យករណីឆ្លង COVID-19 កើនឡើងជាថ្មី។ ប៉ុន្តែមិនទាន់មានភស្ដុតាងបញ្ជាក់ថា តើ Omicron អាចធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឬក៏យ៉ាងណាឡើយ។

លោកស្រី Natasha Howard បានបញ្ជាក់ដូច្នេះថា «យើងមិនទាន់មានព័ត៌មានគ្រប់គ្រាន់ពីវីរុស COVID-19 បំប្លែងថ្មី Omicron ដើម្បីបញ្ជាក់ថាវីរុសបំប្លែងថ្មីនេះមាន ភាពកាចសាហាវកម្រិតណាទេ ឬក៏ថាតើវិធានការរឹតត្បិតបន្ថែមពិតជាចាំបាច់បន្ទាន់នោះដែរ...តែវិធានការដែលមានស្រាប់គួរតែត្រូវបានបន្តអនុវត្តរហូតដល់មានភស្ដុតាង សមហេតុផលក្នុងការដាក់ចេញវិធានការរឹតត្បិតបន្ថែម»

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលសិង្ហបុរី មិនទាន់រាយការណ៍ពីការរកឃើញ ករណីឆ្លងវីរុសបំប្លែងថ្មី Omicron នោះទេ ប៉ុន្តែក្រុមអ្នកជំនាញនៃប្រទេសមួយនេះបានអះអាងថា វីរុសនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយជំរុញឱ្យអ្នកដែលមិនទាន់បាន ចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ ២ដូស និងដូសជំរុញផងដែរ៕