(វ៉ាស៊ីនតោន)៖ ការស្ទង់មតិចុងក្រោយបំផុតមួយចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះ បានឱ្យដឹងថាប្រជាជនអាមេរិកត្រឹមតែ ៤៣ភាគរយប៉ុណ្ណោះបង្ហាញ ការគាំទ្រចំពោះការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ខណៈភាគច្រើនគិតថាលោកមិនបានបំពេញការងារបានល្អឡើយ។ កាលពីពេលថ្មីៗនេះ លោក បៃដិន ក៏បានបង្ហើបផងដែរពីចេតនាចូលរួមប្រកួតប្រជែងសាជាថ្មីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ខាងមុខ។ ប៉ុន្តែ ហេតុអ្វីបានជាប្រជាប្រិយភាពរបស់ លោក បៃដិន ដាំក្បាលចុះក្រោមបែបនេះទាំងដែលនៅពេលជាប់ឆ្នោត ប្រជាជនអាមេរិកភាគច្រើនធ្លាប់មានការរំពឹងខ្ពស់ចំពោះការដឹកនាំរបស់លោក បៃដិន?

ពិតមែនទៅ, វាមានបញ្ហាជាច្រើនដែលអាចពន្យល់ពីការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ចូ បៃដិន។ តែក្រុមអ្នកជំនាញយល់ថាការធ្លាក់ចុះអត្រាគាំទ្រនេះ វាក៏មាន ជាប់ពាក់ព័ន្ធទៅនឹងបរិបទនៃកាលៈទេសៈសព្វថ្ងៃ រួមទាំងលោក បៃដិន ខ្លួនឯងផ្ទាល់ផងដែរ។ ការស្ទង់មតិដែលបង្ហាញថាលោក បៃដិនទទួលបានការគាំទ្រទាបបំផុត បើធៀបទៅនឹងប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យមុនៗដូចជាលោក បារ៉ាក់ អូបាម៉ា, លោក ប៊ីល គ្លីនតុន និងលោក ជីមមី ខាតធឺរ (Jimmy Carter) នោះគឺ ដោយសារតែសហរដ្ឋអាមេរិកនៅពេលនោះ មិនមានជំងឺឆ្លងរាតត្បាតដូចជា COVID-19 និងមិនមានការបាក់បែកផ្ទៃក្នុង បែងចែកបក្ខពួកខ្លាំងដូចបច្ចុប្បន្នទេ។

តួយ៉ាង, ការវាយប្រហារពីសំណាក់ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ លើវិមានសភាអាមេរិកកាលពីខែមករា ឆ្នាំ២០២១ វាបានបង្ហាញថាលោក បៃដិន បានឡើងកាន់តំណែងនៅក្នុងបរិបទមួយដែលបានប្រជាធិបតេយ្យអាមេរិកបានស្លាប់រួចបាត់ទៅហើយ។ បញ្ហាធំៗពីរដែលគេយល់ថាបានធ្វើឱ្យប្រជាជនអាមេរិក បាត់បង់ជំនឿចិត្តលើលោក បៃដិន គឺ COVID-19 និងការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន។ នៅមុនការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ប្រជាជនអាមេរិកភាគច្រើន បានបង្ហាញការគាំទ្រដល់ការដឹកនាំរបស់លោក បៃដិន។

តែក្រោយការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន កាលពីចុងខែសីហា ឆ្នាំ២០២១នេះ គួបផ្សំនឹងការដួលរលំភ្លាមៗនៃរដ្ឋាភិបាលទីក្រុងកាប៊ុល និងការឡើង
កាន់អំណាចជាថ្មីរបស់ក្រុមតាលីបង់ វាចាប់ផ្ដើមធ្វើឱ្យប្រជាប្រិយភាពលោក បៃដិន រង្គោះរង្គើរយ៉ាងខ្លាំង។ ប្រជាជនអាមេរិកសុទ្ធតែគាំទ្រចំពោះការដកកងទ័ពចេញពី អាហ្វហ្កានីស្ថាន ប៉ុន្តែអ្វីដែលពួកគេមិនពេញចិត្ត គឺការដកកងទ័ពនេះបានបង្កភាពចលាចល និងការរិះគន់យ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

ដោយឡែក និយាយពីវិបត្តិ COVID-19 លោក បៃដិនធ្លាប់បានសន្យាថាលោកនឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង។ ប៉ុន្តែ ជំងឺដ៏កាចសាហាវនេះនៅតែបន្តអុកឡុកសហរដ្ឋអាមេរិក ដោយបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ បើទោះជាមានវ៉ាក់សាំងបង្ការក៏ដោយ។ មកទល់នឹងពេលនេះ ប្រជាជនអាមេរិកជាង ៤០ភាគរយដែលមានអាយុ ១២ឆ្នាំឡើងទៅ នៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការនៅឡើយទេ ហើយប្រជាជនអាមេរិកខ្លះមិនបានទទួលយក ការណែនាំតាមបែបវិទ្យាសាស្ត្រ ឬក៏អនុវត្តតាមកាព្វកិច្ចចាក់វ៉ាក់សាំង ឬក៏ការពាក់ម៉ាសទេ ដែលនេះពិបាកក្នុងការអនុវត្តផែនការរបស់លោក បៃដិន ឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា នៅថ្ងៃស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក បៃដិន បានសន្យាថាលោកនឹងដោះស្រាយបញ្ហាជាច្រើនក្នុងនោះរួមមានការប្រែប្រួល
អាកាសធាតុ, អន្តោប្រវេសន៍ រួមទាំងផ្សះផ្សា និងស្វែងរកឯកភាពជាតិឡើងវិញ។ អាមេរិក សព្វថ្ងៃកំពុងប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រៅ ដែលបន្សល់ទុក ដោយលោក ដូណាល់ ត្រាំ ដែលនេះពិបាកខ្លាំងណាស់ក្នុងការស្ដារស្ថានការណ៍ឡើងវិញនៅក្នុងកាលៈទេសៈសព្វថ្ងៃ មិនថាតែលោក បៃដិនទេ សូម្បីតែប្រធានាធិបតី ដទៃក៏មិនប្រាកដថាអាចដោះស្រាយបញ្ហានេះបានភ្លាមៗនោះដែរ៕

ប្រភព៖ CNA (ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១)