(ឡុងដ៍)៖ រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) នៅថ្ងៃពុធនេះ បានជំរុញប្រជាជនឱ្យកក់កន្លែងចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ខណៈករណីឆ្លងវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញនៅក្នុងប្រទេស កើន ដល់ចំនួន ២២ករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

លោក Sajid Javid បាននិយាយថា រដ្ឋាភិបាលជឿថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ នឹងជួយការពារប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្នុងករណីឆ្លងវីរុសបំប្លែងថ្មី Omicron បើទោះបីជា វាបានបង្ហាញថា វ៉ាក់សាំងហាក់ថយចុះប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះក៏ដោយ។

លោក Javid បានបង្ហាញក្តីសង្ឃឹមថា យើងនឹងអាចដឹងព័ត៌មានលម្អិតបន្ថែមអំពីវីរុសបំប្លែងថ្មី Omicron ក្នុងរយៈពេល ០២សប្តាហ៍ទៀត ខណៈអ្នកវិទ្យាសាស្ត្រ កំពុងធ្វើការយ៉ាងស្វះស្វែង ដើម្បីស្វែងយល់ពីផលប៉ះពាល់របស់វា។

លោករដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបានបន្ថែមថា «នៅពេលនេះ ចំនួនករណីឆ្លងវីរុសបំប្លែងថ្មី Omicron ស្ថិតនៅកម្រិតដ៏ទាបមួយ។ សម្រាប់ចក្រភពអង់គ្លេស យើងបានកត់ត្រានូវករណីឆ្លងវីរុសបំប្លែងថ្មីនេះចំនួន ២២ករណីហើយ ប៉ុន្តែតួលេខនេះនឹងកើនឡើង... ច្បាស់ណាស់ វាពិតជានឹងកើនឡើងបន្ថែមទៀត»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គ្រោងនឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញជូន ដល់មនុស្សពេញវ័យទាំងអស់ នៅត្រឹមចុងខែមករា ឆ្នាំ២០២២។ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ៨១ភាគរយនៃប្រជាជនដែលមានអាយុលើសពី១២ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ ខណៈមានតែ ៣២ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចរាល់៕