(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល តែងតាំងដោយរដ្ឋាភិបាលអាមេរិក បានបោះឆ្នោតអនុម័តដោយផ្ដល់អនុសាសន៍ ឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល COVID-19 របស់ក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺជាមនុស្សពេញវ័យ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលនេះនឹងក្លាយជាការត្រួសត្រាយផ្លូវមួយក្នុងការ បង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីៗ រួមទាំង Omicron ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានបោះឆ្នោតអនុម័តផ្ដល់អនុសាសន៍ខាងលើ ក្នុងសំឡេងគាំទ្រ ១៣សំឡេង ទល់នឹង ១០សំឡេងជំទាស់។ ចំណែកឯ FDA ដែលបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះត្រូវបានគេរំពឹងថា នឹងផ្ដល់ការអនុញ្ញាតឱ្យប្រើ ជាបន្ទាន់នូវថ្នាំគ្រាប់ព្យាបាល COVID-19 ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ថ្នាំ ម៉ុលនូភូរ៉ាវៀរ (Molnupiravir) របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Merck ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងចក្រភពអង់គ្លេសរួចហើយដែរ។ ថ្នាំនេះត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពកាត់បន្ថយអត្រាចូលសម្រាកក្នុងមន្ទីរពេទ្យ និងអត្រាស្លាប់ចំពោះអ្នកជំងឺ COVID-19 ដែលមានហានិភ័យខ្ពស់ផងដែរ៕