(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,១២៣នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ខណៈកំពុងប្រយុទ្ធតស៊ូទប់ស្កាត់ការកើនឡើងជាថ្មីនូវករណីឆ្លង ជាពិសេសអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ នៅចំពោះមុខការបារម្ភពីវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមនេះ បានសម្រេចចិត្តផ្អាកផែនការបន្ធូរបន្ថយការរឹតត្បិតប្រឆាំង COVID-19 ដោយសារបារម្ភវីរុសបំប្លែងថ្មី Omicron និងការ កើនឡើងចំនួនករណីអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ដោយមន្ទីរពេទ្យជាច្រើនកំពុងព្យាបាលអ្នកជំងឺក្នុងបន្ទប់សង្រ្គោះបន្ទាន់រហូតដល់ ៧២៣នាក់ ធៀបទៅនឹង៤០០នាក់ កាលពីដើមខែវិច្ឆិកានេះ។

ភាគច្រើននៃអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរទាំងនេះ មានច្រើនជាង ៨៤ភាគរយគឺជាក្រុមមនុស្សមានអាយុ ៦០ឆ្នាំឡើងទៅ ហើយអ្នកជំនាញអះអាងថានេះគឺដោយសារតែ ការថយចុះកម្រិតអង់ទីករ បង្កើតឡើងដោយវ៉ាក់សាំង ដូច្នេះហើយទើបមនុស្សមានវ័យចំណាស់ប្រញាប់ចាក់ដូសជំរុញ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងមិនទាន់រាយការណ៍ពីករណីឆ្លង COVID-19 បំប្លែងថ្មី Omicron នៅឡើយទេ។ ដោយឡែក បូកបញ្ចូលករណីឆ្លងថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 កើនដល់ ៤៥២,៣៥០នាក់ ក្នុងនោះស្លាប់ ៣,៦៥៨នាក់ និងជាសះស្បើយឡើងវិញ ៣៩៨,៣២៣នាក់៕