(ប៉េកាំង)៖ មន្ត្រីសុខាភិបាលចិនបាននិយាយនៅថ្ងៃអង្គារនេះថា ចិនមិនទាន់រកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron រហូតមកដល់ពេលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស៊ូ វិនប៉ូ (Xu Wenbo) មន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron ត្រូវបានរាយការណ៍នៅក្នុងប្រទេស និងតំបន់ជាច្រើន រួមទាំងអាហ្វ្រិកខាងត្បូង អ៊ីស្រាអែល បែលហ្ស៉ិក អ៊ីតាលី អូស្ត្រាលី កាណាដា និងទីក្រុងហុងកុងជាដើម។

បើតាមលោក ឈាន ចាវហ៊ុយ (Qian Zhaohui) អ្នកជំនាញនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រចិន វីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron បានឆ្លងរីករាលដាលយ៉ាងលឿនរហ័សបំផុត បើផ្អែកលើទិន្នន័យដែលត្រូវបានរាយការណ៍ ចុងក្រោយបង្អស់នៅអាហ្វ្រិកខាងត្បូង។
ទោះជាយ៉ាងណា វានៅតែឆាប់ពេកក្នុងការប្រាប់ថា តើវីរុសបំប្លែងខ្លួនថ្មី Omicron នឹងជំនួសវីរុសបំប្លែងខ្លួន Delta ជាវីរុសដែលឆ្លងរីករាលដាលលឿនរហ័សបំផុត ឬមួយអត់នោះ ប៉ុន្តែមនុស្សគ្រប់រូប ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវីរុសបំប្លែងខ្លួនថ្មីនេះ។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនត្រូវការពេលប៉ុន្មានសប្តាហ៍ទៀតឯណោះ ដើម្បីកំណត់ពីឥទ្ធិពលពិតប្រាកដរបស់ Omicron៕