(សេអ៊ូល)៖ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តរក្សាទុកវ៉ាក់សាំងបង្ការ COVID-19 AstraZeneca ចំនួន ៤.៧៣លានដូស សម្រាប់ដឹកទៅឱ្យកូរ៉េខាងជើង ដែលស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូចដែលមិនទាន់ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ផែនការខាងលើធ្វើឡើង បន្ទាប់ពីផែនការផ្ដល់វ៉ាក់សាំងជិត ២លានដូស ត្រូវបានកូរ៉េខាងជើងបដិសេធដោយសារបារម្ភពីផលប៉ះពាល់។ ក្រសួងបង្រួបបង្រួមជាតិនៃ ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារនេះថាព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចែកចាយវ៉ាក់សាំង នៅមិនទាន់មានទេ ខណៈ COVAX កំពុងបន្តទំនាក់ទំនងជាមួយ ទីក្រុងព្យុងយ៉ាង។

ការចែកចាយវ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃផែនការចែកចាយវ៉ាក់សាំង AstraZeneca និង Moderna ចំនួន៤៣លានដូសរបស់ COVAX នៅត្រឹមដំណាច់ខែធ្នូខាងមុខ នេះ ស្របពេលកម្មវិធីមួយនេះមានគោលដៅចែកចាយវ៉ាក់សាំង ១ពាន់លានដូសនៅក្នុងឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា កូរ៉េខាងជើងមិនទាន់បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនរបស់ខ្លួននោះទេ ហើយក៏មិនទាន់បានទទួលស្គាល់ពីការរកឃើញ ករណីឆ្លង COVID-19 នោះដែរ។ ប៉ុន្តែ ប្រទេសមួយនេះបានដាក់ចេញវិធានការរឹតត្បិតដ៏តឹងរ៉ឹង ក្នុងនោះរួមមានការបិទព្រំដែន និងការធ្វើដំណើរនៅក្នុងប្រទេស៕