(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,២៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ។

អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ លោក ស៉ីសាវ៉ាត់ សួតថានីរ៉ាសៃ (Sisavath Soutthaniraxay) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងវៀងច័ន្ទ (Vientiane) ថា ករណីឆ្លងថ្មីៗខាងលើ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះមាន ៦១៥ករណី ត្រូវបានរាយការណ៍ចេញពីទីក្រុង Vientiane ដែលជាចំនួនខ្ពស់បំផុត។

លោក Sisavath Soutthaniraxay បានបន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ០៤នាក់ក៏ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលពួកគេទាំងអស់ សុទ្ធតែមិនបានទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ប្រទេសឡាវ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០២ករណីលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ហើយរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៧៣,៧៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ១៧០នាក់៕