(តូក្យូ)៖ នៅថ្ងៃអង្គារនេះ ជប៉ុនបានប្រកាសពីការរកឃើញករណី១ដំបូង នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដោយករណីនោះ គឺជាអ្នកដំណើរម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសណាមីប៊ី នៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Washington Post នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៉ីរ៉ូកាហ្ស៊ូ មាត់ស៊ូណូ (Hirokazu Matsuno) ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន បានឲ្យដឹងថា អ្នកជំងឺខាងលើ ជាបុរសស្ថិតក្នុងវ័យខ្ទង់៣០ឆ្នាំ បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ពេលមកដល់នៅឯព្រលានយន្តហោះតែម្តង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។

ការធ្វើតេស្តវែកញែកហ៊្សែនមេរោគលើសំណាករបស់អ្នកជំងឺខាងលើ បានបញ្ជាក់ថា បុរសម្នាក់នោះ បានឆ្លងវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅអាហ្រ្វិកខាងត្បូង ហើយបានរាលដាលដល់ប្រទេសជាបន្តបន្ទាប់ផ្សេងទៀត។ កាលពីថ្ងៃចន្ទម្សិលមិញ ជប៉ុនបានប្រកាសថា ខ្លួននឹងហាមជនបរទេសទាំងអស់ចូលប្រទេស ចាប់ពីថ្ងៃអង្គារនេះទៅ ដែលជាចំណាត់ការបង្ការប្រឆាំង Omicron។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា COVID-19 បំប្លែងថ្មីនេះ មាន «ហានិភ័យខ្ពស់» ដែលអាចបង្កឲ្យករណីឆ្លងជំងឺនេះកើនឡើង ហើយបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ៕