(សិង្ហបុរី)៖ អាជ្ញាធរសិង្ហបុរីនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ពុំទាន់មានករណីវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ណាមួយ ត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី នៅឡើយទេ ប៉ុន្តែដោយសម្អាងថា ប្រទេសកាន់តែច្រើនឡើង បានរាយការណ៍ជាបន្តបន្ទាប់ ពីករណីវីរុសបំប្លែងថ្មីនេះ វាគង់តែនឹងលេចឡើងនៅសិង្ហបុរី ជៀសមិនផុតឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ្កាន គីម យ៉ុង (Gan Kim Yong) សហប្រធាននៃក្រុមការងារអន្តរក្រសួង ដែលទទួលបន្ទុក COVID-19 របស់ប្រទេសសិង្ហបុរី បានថ្លែងយ៉ាងដូច្នេះថា «ទោះឥឡូវយើងមិនទាន់រកឃើញវីរុសបំប្លែងថ្មីនេះ (អូមីក្រុង) នៅក្នុងស្រុកក៏ដោយ គឺអាស្រ័យតែលើពេលវេលាប៉ុណ្ណោះ មុនពេលវាមកដល់សិង្ហបុរី»

លោក ហ្កាន បានគូសបញ្ជាក់បន្ថែមថា ដូច្នេះហើយ សិង្ហបុរីត្រូវតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ខណៈអាជ្ញាធរកំពុងដាក់ចេញ នូវវិធានបង្ការទុកជាមុនមួយចំនួន សំដៅអូសបន្លាយពេលឲ្យបានយូរតាមតែអាចទៅរួច ដើម្បីស្វែងយល់អំពីវីរុសបំប្លែងថ្មី Omicron ឲ្យបានច្បាស់លាស់ មុនពេលវាមកដល់។

គួរបញ្ជាក់ថា វីរុសបំប្លែងថ្មីខាងលើ ដែលត្រូវបានរកឃើញដំបូងបំផុត នៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីសប្តាហ៍កន្លងទៅ និងត្រូវអង្គការសុខភាពពិភពលោក (WHO) ចាត់ទុក ជាប្រភេទវីរុសបំប្លែងថ្មីដែលគួរឲ្យបារម្ភ។ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងព្យាយាមសិក្សាលម្អិតអំពីវា។ មកទល់ពេលនេះ វីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញ នៅតាមប្រទេសយ៉ាងហោច ១៣ផ្សេងទៀត ដែលភាគច្រើនជាករណី អ្នកទើបធ្វើដំណើរត្រឡប់ចូលស្រុកពីក្រៅប្រទេស៕