(ប៉េកាំង)៖ «សង្រ្គាម និងភាពរង្គោះរង្គើ ដែលតែងតែកើតមាននៅលើពិភពលោក បានបញ្ជាក់ម្តងហើយម្តងទៀតថា ការផ្សព្វផ្សាយប្រជាធិបតេយ្យទៅកាន់បរទេស និងបង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តប្រព័ន្ធរបប និងទស្សនៈតម្លៃរបស់ខ្លួន បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់អន្តរជាតិនិងតំបន់»។ នាពេលថ្មីៗកន្លងទៅនេះ ឯកអគ្គរដ្ឋទូតចិន និងរុស្ស៊ីប្រចាំនៅអាមេរិក បានរួមគ្នាចេញផ្សាយអត្ថបទលើទស្សនាវដី្ត «National Interest» របស់អាមេរិក ក្នុងន័យសម្តែងការប្រឆាំងយ៉ាងដាច់ខាត ចំពោះអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដែលអាមេរិកជិតនឹងរៀបចំធ្វើ ប្រការនេះញ៉ាំងឱ្យមជ្ឈដ្ឋានមតិអន្តរជាតិ យកចិត្តទុកដាក់យ៉ាងទូលំទូលាយ។

ពិភពលោកបានឃើញច្បាស់ហើយថា អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដែលនឹងរៀបចំធ្វើពីថ្ងៃទី ៩ ដល់ ១០ខែធ្នូ គ្រាន់តែជាកលល្បិចរបស់អាមេរិក ដែលចង់អុជអាលការបដិបក្ខគ្នាខាងមនោគមវិជ្ជា បង្កបង្កើតភាពបែកបាក់គ្នា និងគាំពារអនុត្តរភាពរបស់ខ្លួន នៅលើពិភពលោកប៉ុណ្ណោះ ហើយក៏ជាទង្វើដ៏គ្រោះថ្នាក់ ដើម្បីស្តារគំនិតសង្គ្រាមត្រជាក់ផងដែរ។

អនុលោមតាមរបាយការណ៍របស់ សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្ស នៃប្រទេសចិនបានឱ្យដឹងថា ចាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ រហូតដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងអាវុធចំនួន ២៤៨លើក ក្នុងតំបន់ចំនួន ១៥៣កន្លែង នៅលើពិភពលោក អាមេរិកបានបំផុសចំនួន ២០១លើក ត្រូវជា ៨១ភាគរយនៃចំនួនសរុប។ អ្វីដែលហៅថា «ការកែសម្រួលខាងប្រជាធិបតេយ្យ» ដែលអាមេរិកបានជំរុញនោះបានបណ្តាលឱ្យជនស៊ីវិលជាច្រើន បានស្លាប់បាត់បង់ជីវិត និងរងរបួស និងមានការខូចខាតយ៉ាងធ្ងន់ធ្ងរខាងទ្រព្យសម្បតិ្ត ធ្វើឱ្យប្រទេសពាក់ព័ន្ធ ធ្លាក់ក្នុងភាពរង្គោះរង្គើក្នុងរយៈពេលយូរ។

ក្រៅពីនេះ អាមេរិកក៏បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃជាញឹកញាប់ តាមរបៀបញុះញង់ការក្បត់ជាតិ លួចធ្វើឃាត ផ្តល់អាវុធ និងរំសេវ និងបណ្តុះបណ្តាលកងកម្លាំងប្រឆាំងរដ្ឋាភិបាលជាដើម ដែលបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សុខសន្តិភាពក្នុងសង្គម និងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសពាក់ព័ន្ធ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន អ្នកនយោបាយអាមេរិកមួយចំនួន បានលេងកលល្បិចម្តងហើយម្តងទៀត ដោយប្រើអ្វីដែលហៅថា «ប្រជាធិបតេយ្យ» ធ្វើជាសន្លឹកបៀម្តងទៀត។ ចាប់ពីការលើកឡើងនូវ «យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក» ដល់ការបង្កើត «យន្តការចតុភាគី» របស់អាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី ចាប់ពីការញុះញ៉ាំងប្រទេសមួយចំនួន ឱ្យចាត់បញ្ជូននាវាចម្បាំងទៅធ្វើ «នាវាចរណ៍ដោយសេរី» នៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រចិនតៃវ៉ាន់ ដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេស និងអូស្រ្តាលី ជានិច្ចកាល អាមេរិកតែងតែលើកទង់ «ប្រជាធិបតេយ្យ» ឃុបឃិតគ្នា ដើម្បីបង្កើតជាក្រុមសម័្ពន្ធតូច និងអុជអាលការបដិបក្ខគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចនេះ អាមេរិកបានក្លាយជាអ្នកបំផ្លិចបំផ្លាញធំបំផុត ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ប្រជាធិបតេយ្យជាតម្លៃរួម ដែលប្រទេសនានាចង់ស្វែងរក តែគឺមិនមែនជាឧបករណ៍នយោបាយសម្រាប់ឱ្យអាមេរិក លេងកលល្បិចតាមទំនើងចិត្តនោះទេ។ អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដែលអាមេរិកជិតនឹងរៀបចំធ្វើនោះ គ្រាន់តែជារឿងកំប្លែងសើចថ្មីមួយលើកតែប៉ុណ្ណោះ។ កលល្បិចរបស់អាមេរិកស្តីពី «ប្រជាធិបតេយ្យក្លែងក្លាយ និងអនុត្តរភាពពិតប្រាកដ» មុខជានឹងត្រូវគេចាក់ចោលក្នុងគំនូរសំរាម នៃប្រវិត្តសាស្ត្រជាមិនខាន!៕