(អេដឌីស អាបាបា)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអាហ្វ្រិក (Africa CDC) បាននិយាយថា ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងទ្វីបអាហ្រ្វិក បានកើនឡើងដល់ជាង ៨.៦៣ករណីហើយ គិតត្រឹមល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារឯកទេសថែទាំងសុខាភិបាល នៃសហភាពអាហ្រ្វិក (AU) ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងទ្វីបបានកើនឡើងដល់ ៨,៦៣៨,៥៩៥ករណីហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២២,៨២៧នាក់ និងអ្នកជាសះស្បើយចំនួន ៨,០៨៩,៦០៤នាក់។ នេះជាចំនួនដែលត្រូវបានបូកសរុប គិតចាប់តាំងពីជំងឺរាតត្បាតសកលមួយនេះ ត្រូវបានរកឃើញក្នុងរយៈពេល ២ឆ្នាំមកហើយ។

គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូងជាប្រទេស ដែលបានកត់ត្រានូវករណីឆ្លង COVID-19 ច្រើនជាងគេបំផុតនៅទ្វីបអាហ្រ្វិក ដែលមានករណីឆ្លងសរុបជិត ៣លានករណី បន្ទាប់មកគឺប្រទេសម៉ារ៉ុក ស្ថិតនៅតំបន់អាហ្វ្រិកខាងជើង ដែលមានករណីឆ្លងសរុប ៩៤៩,៧៣២ករណី គិតត្រឹមល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ និងបន្តបន្ទាប់មកទៀត គឺប្រទេសទុយនេស៊ី និងអេត្យូពី។ ទ្វីបអាហ្វ្រិកមានប្រទេសសរុបចំនួន ៥៤ប្រទេស ស្មើនឹងប្រជាជនសរុបជាង ១,៣៤០លាននាក់៕