(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បាននិយាយថា មនុស្សគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គួរតែទៅ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ក្នុងរយៈពេល ០៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ឬ Moderna ដូសដំបូងរបស់ពួកគេ ឬរយៈពេល ០២ខែបន្ទាប់ពីការចាក់វ៉ាក់សាំង Johnson & Johnson ដោយសារព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ការផ្ដលអនុសាសន៍ខាងលើនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានកើតឡើងបន្ទាប់ពីនិយតករសុខាភិបាលអាមេរិកកាលពីសប្តាហ៍មុន បានពង្រីកសិទ្ធិ ទទួលបានការចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សពេញវ័យគ្រប់រូប ដែលមានអាយុចាប់ពី ១៨ឆ្នាំទៅ ៤៩ឆ្នាំ។

នាយក CDC លោកស្រី រ៉ូជែល វ៉លែនស្គី (Rochelle Walensky) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការលេចឡើងនាពេលថ្មីៗនេះនៃវីរុសបំប្លែងថ្មី Omicron បញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង ការចាក់វ៉ាក់សាំងដូសជំរុញ និងការការពារដែលត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងវា»

បើតាម CDC មនុស្សពេញវ័យប្រហែល ៤៧លាននាក់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ត្រូវបានលើកទឹកចិត្តឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន រីឯកុមារ និងក្មេងវ័យជំទង់ គួរតែត្រូវទទួលការចាក់វ៉ាក់សាំងផងដែរ ដើម្បីកាត់បន្ថយឱកាសនៃការឆ្លង ជាមួយនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានទទួលស្គាល់ថា វីរុសបំប្លែងថ្មី Omicron ដែលត្រូវបានគេរកឃើញជាលើកដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង មានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យករណីឆ្លងជំងឺ COVID-19 កើនឡើងខ្ពស់ ខណៈរហូតមកទល់ពេលនេះ វាត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើនហើយ រួមមានអូស្ត្រាលី បែលហ្ស៉ិក បុតស្វាណា ចក្រភពអង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងកុង អ៊ីស្រាអែល អ៊ីតាលី ហូឡង់ បារាំង អាហ្វ្រិកខាងត្បូង និងកាណាដា៕