(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាថានឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន មួយពាន់លានដូសបន្ថែមទៀតទៅកាន់តំបន់អាហ្វ្រិក ដែលកំពុង ប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ការសន្យាខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ នាឱកាសបើកវេទិកាស្ដីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នៅថ្ងៃចន្ទសប្ដាហ៍នេះ។ បើតាមលោក ស៊ី ជិនពីង ចិននឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ៦០០លានដូសជាអំណោយ ហើយ ៤០០លានដូសទៀតនឹងត្រូវបានផ្ដល់ជូនតំបន់អាហ្វ្រិក តាមរយៈមធ្យោបាយដទៃក្នុងនោះរួមមានទាំងការចូលរួមផលិតវ៉ាក់សាំងរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុននៃបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក។

បន្ថែមពីលើនេះ លោកប្រធានាធិបតីចិន ក៏បានបញ្ជាក់ដែរថាចិនក៏នឹងជួយលើគម្រោងសុខាភិបាលចំនួន១០ និងបញ្ជូនក្រុមអ្នកជំនាញសុខាភិបាល ១,៥០០នាក់ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនចិនវិនិយោគទឹកប្រាក់យ៉ាងតិច ១០ពាន់លានដុល្លារ នៅក្នុងតំបន់អាហ្វ្រិក សម្រាប់រយៈពេល ៣ឆ្នាំផងដែរ។

គួរបញ្ជាក់ថា ចិនធ្លាប់បានផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ជិត ២០០លានដូសរួចមកហើយដល់អាហ្វ្រិក ដែលកំពុងប្រឈមមុខនឹងការខ្វះខាតវ៉ាក់សាំង ចំពេលវីរុស បំប្លែងថ្មី Omicron បានបង្ខំឱ្យបណ្ដាប្រទេសជាច្រើនដាក់ចេញវិធានការរឹតត្បិតឡើងវិញ និងដាក់បម្រាមធ្វើដំណើរលើអ្នកដំណើរមកពីតំបន់អាហ្រ្វិក៕