(ហ្សឺណែវ)៖ ក្រុមអ្នកការទូតអន្តរជាតិ កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ប្រទេសជាសមាជិកទាំងអស់នៃ អង្គការសុខភាពពិភពលោក (WHO) បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ដើម្បីចរចាលើកិច្ចព្រមព្រៀងនាពេលអនាគត ស្តីពីការបង្ការជំងឺឆ្លងរាតត្បាតនានា ដែលនឹងជួយកាត់បន្ថយការខ្វែងគំនិតគ្នារវាង សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីព្រាងដែលបានដាក់ចេញនៅក្នុងកិច្ចចរចាចុងសប្តាហ៍មុននេះ នឹងត្រូវបានដាក់បង្ហាញសម្រាប់ការអនុម័ត ទៅកាន់រដ្ឋមន្ត្រីសុខាភិបាលប្រទេសនានា នៅឯសន្និបាតពិសេសរបស់ WHO សម្រាប់រយៈពេល ០៣ថ្ងៃ ដែលនឹងបើកដំណើរការចាប់ថ្ងៃទីចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ (ពេលវេលានៅទីក្រុងហ្សឺណែវ)។

កិច្ចព្រមព្រៀងជាសកល ដើម្បីពង្រឹងការបង្ការ និងការឆ្លើយតបនៃជំងឺឆ្លងរាតត្បាតនានា ដែលរំពឹងថានឹងរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នឹងគ្របដណ្តប់លើប្រធានបទមួយចំនួនដូចជា ការចែករំលែកទិន្នន័យ និងលំដាប់ហ្សែននៃវីរុស ក៏ដូចជាវ៉ាក់សាំង និងថ្នាំដែលមានសក្តានុពលណាមួយ ដែលទទួលបានពីការស្រាវជ្រាវ។

លោក សាយម៉ុន មែនលី (Simon Manley) ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងថា «ការសម្រេចចិត្តនេះ គឺដើម្បីបង្កើតស្ថាប័នសម្រាប់ចរចាលើ កិច្ចព្រមព្រៀងនាពេលអនាគត ស្តីពីជំងឺឆ្លងរាតត្បាតនានា ប៉ុន្តែភាពបត់បែនដែលបានបង្ហាញ និងទំហំនៃការគាំទ្រ គឺជាប្រផ្នូលដ៏ល្អសម្រាប់កិច្ចខិតខំប្រឹងប្រែង ដ៏សំខាន់នាពេលខាងមុខ»។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស រួមជាមួយនឹងសហភាពអ៊ឺរ៉ុប និងប្រទេសចំនួន ៧០ ផ្សេងទៀត បានជំរុញឱ្យមានសន្ធិសញ្ញាដែលមានលក្ខណៈបង្ខំឱ្យអនុវត្ត។ ក្រុមអ្នកការទូត បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក រួមទាំងប្រេស៊ីល និងឥណ្ឌា មានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញានេះ។ សេចក្តីព្រាងខាងលើនេះ ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ អង្គការសុខភាពពិភពលោករួចហើយ៕