(ម៉ានីល)៖ ហ្វីលីពីនបានផ្អាកជាបណ្តោះអាសន្ននូវ ការសម្រេចចិត្តអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងពេញលេញរួចរាល់ ចូលទៅកាន់ប្រទេសខ្លួន ដោយសារតែក្តីបារម្ភអំពីវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងម៉ានីលបានប្រកាសពីផែនការ ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស មកពីប្រទេសភាគច្រើន អាចចូលទៅកាន់ប្រទេសហ្វីលីពីនបាន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងព្យាយាមស្តារសេដ្ឋកិច្ចប្រទេស ឲ្យងើបឡើងវិញ។

ប៉ុន្តែកាលពីចុងសប្តាហ៍ដដែល ក្រុមការងារប្រយុទ្ធប្រឆាំង COVID-19 ហៅកាត់ IATF របស់ហ្វីលីពីន បានសម្រេចផ្អាកគម្រោងខាងលើវិញ និងបានចេញបម្រាមធ្វើដំណើរលើជើងហោះហើរ មកពីប្រទេសអឺរ៉ុបចំនួន ៧ បន្ថែមពីលើក្រុមប្រទេសអាហ្រ្វិកមួយចំនួនផ្សេងទៀត។ លោក ហេម ម៉ូរ៉េនត៍ (Jaime Morente) មន្រ្តីអន្តោប្រវេសន៍ហ្វីលីពីន បាននិយាយថា «ក្រុមការងារ IATF បានចាត់ទុកវាជារឿងចាំបាច់ ក្នុងការផ្អាកគម្រោងទទួលភ្ញៀវទេសចរបរទេស ដោយសារក្តីបារម្ភរបស់ពិភពលោកទាំងមូល ជុំវិញវីរុសបំប្លែងថ្មី Omicron»

គួរបញ្ជាក់ថា មកទល់ពេលនេះប្រហែល ១ ភាគ ៣ ប៉ុណ្ណោះនៃប្រជាជនសរុប ១១០លាននាក់ របស់ប្រទេសហ្វីលីពីន បានចាក់វ៉ាក់សាំងបង្ការពេញលេញ ប្រឆាំង COVID-19។ រីឯករណីឆ្លងវិញ ហ្វីលីពីនមានសរុបជាង ២.៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤៨,០០០នាក់៕