(ស៊ីដនី)៖ អាជ្ញាធរសុខាភិបាលអូស្ត្រាលី នៅថ្ងៃអាទិត្យនេះបានប្រកាសពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ជាលើកដំបូង បន្ទាប់ពីបាន ធ្វើតេស្ដលើអ្នកដំណើរ២នាក់ មកពីតំបន់អាហ្រ្វិកខាងត្បូង ដែលបានធ្វើដំណើរតាមយន្ដហោះមកដល់ទីក្រុងស៊ីដនី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ការធ្វើតេស្ដលើហ្សែន និងការទទួលស្គាល់ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron លើអ្នកដំណើរទាំង២នាក់ខាងលើត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ម្សិលមិញ។ អាជ្ញាធរសុខាភិបាលអូស្ត្រាលី មិនបានបញ្ជាក់លម្អិតថាតើពួកគេទាំង២ មកពីប្រទេសអាហ្វ្រិកមួយណាឱ្យប្រាកដឡើយ ដោយគ្រាន់តែ ឱ្យដឹងថាពួកគេបានធ្វើដំណើរពីតំបន់អាហ្វ្រិកខាងត្បូង មកដល់ទីក្រុងស៊ីដនី តាមរយៈជើងហោះហើរក្រុមហ៊ុន Qatar Airways ឆ្លងកាត់ទីក្រុងដូហា។

គួរបញ្ជាក់ថា អ្នកដំណើរ ១២នាក់មកពីតំបន់អាហ្វ្រិកខាងត្បូងលើជើងហោះហើរតែមួយ ត្រូវបានធ្វើតេស្ដអវិជ្ជមាន COVID-19 ប៉ុន្តែត្រូវបានតម្រវឱ្យ ធ្វើចត្តាឡីស័ក។ ចំណែកឯ អ្នកដំណើរ និងក្រុមអាកាសយាននិក ២៦០នាក់ផ្សេងទៀតដែលបានជិះនៅលើជើងហោះហើរនេះដែរនោះ ក៏ត្រូវបានគេតម្រូវឱ្យនៅ ដាច់ដោយឡែកផងដែរ នៅក្រោមការដាក់ចេញជាថ្មីនូវវិធានការរឹតត្បិតនានា៕