(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថាការពាក់ម៉ាសនឹងក្លាយជាកាតព្វកិច្ចសាជាថ្មី នៅតាមហាងទំនិញ និងសេវាធ្វើដំណើរសាធារណៈនានា នៅក្នុងប្រទេសអង់គ្លេសចាប់ពីសប្ដាហ៍ក្រោយតទៅ ជាផ្នែកមួយនៃវិធានការប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមលោក បូរីស ចនសុន ការធ្វើតេស្ដស្ដង់ដារ PCR សម្រាប់មនុស្សគ្រប់រូបដែលចូលមកក្នុងចក្រភពអង់គ្លេស ក៏នឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ហើយរាល់អ្នក ដែលមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងវីរុសបំប្លែងថ្មី Omicron នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ទោះជាបានចាក់វ៉ាក់សាំងបង្ការពេញលេញរួចរាល់ហើយក៏ដោយ។

លោក បន្ថែមថាវិធានការទាំងឡាយនឹងត្រូវអនុវត្តជាបណ្ដោះអាសន្ន និងការជាបង្ការទុកជាមុន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះអះអាងថាបុណ្យណូអែល
ក្នុងឆ្នាំ២០២១នេះ នឹងមានលក្ខណៈល្អប្រសើរជាងកាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក បូរីស ចនសុន ធ្វើឡើងបន្ទាប់ពី អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Omicron នៅទីនោះ។

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) បានបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខសុខាភិបាលអង់គ្លេស បានរកឃើញករណីវីរុសបំប្លែងថ្មីខាងលើ នៅទីក្រុងឆេមហ្វដ (Chelmsford) និងនៅទីក្រុងណូតទីងហាម (Nottingham)។ លោក ចាវីដ បានបញ្ជាក់ថា ករណីទាំងពីរគឺទាក់ទងគ្នា ហើយពួកគេព្រមទាំងក្រុមគ្រួសារ កំពុងអនុវត្តវិធានការចត្តាឡីស័ក ខណៈការធ្វើតេស្តបន្ថែម និងការស្វែងរកអ្នកពាក់ព័ន្ធ កំពុងតែប្រព្រឹត្តទៅ៕