(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានលើកសរសើរប្រទេសអាហ្វ្រិកខាងត្បូង ដែលបានកំណត់អត្តសញ្ញាណវីរុស COVID-19 បំប្លែងថ្មី Omicron យ៉ាងឆាប់រហ័ស និងបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវីរុសនេះជាមួយពិភពលោក។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងការបរទេសអាមេរិកបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរបស់អាហ្វ្រិកខាងត្បូង លោកស្រី ណាឡេឌី ប៉ាន់ដ័រ (Naledi Pandor) ស្ដីពីកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងតំបន់អាហ្រ្វិក។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «រដ្ឋមន្ត្រីការបរទេស លោក Blinken បានកោតសរសើរជាពិសេសដល់អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង សម្រាប់ ការកំណត់អត្តសញ្ញាណវីរុសបំប្លែងថ្មី Omicron យ៉ាងឆាប់រហ័ស និងចំពោះរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងដែលបានចែករំលែកព័ត៌មានប្រកបដោយតម្លាភាពដែល គួរតែត្រូវបានចាត់ទុកជាគំរូមួយសម្រាប់ពិភពលោក»

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងថ្មី Omicron ត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកវីរុសគួរឱ្យបារម្ភ ដែលបាននិងកំពុងបង្ខំឱ្យបណ្ដា ប្រទេសជាច្រើនដាក់ចេញឡើងវិញនូវវិធានការរឹតត្បិតនានា៕