(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានថ្លែងថា ប្រទេសជប៉ុននឹងខំប្រឹងប្រែង ពង្រឹងវិស័យការពារជាតិដ៏ចាំបាច់របស់ខ្លួន ហើយពិចារណាលើគ្រប់ជម្រើសទាំងអស់ ក្នុងនោះរួមមានទាំង សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានសត្រូវផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

កំលុងការចុះត្រួតពិនិត្យនៅបន្ទាយមួយកន្លែង របស់កងកម្លាំងស្វ័យការពារជប៉ុន លោក គីស៉ីដា បានបង្ហាញពីក្តីបារម្ភអំពីភាពរីកច្រើនទៅមុខយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាមីស៉ីលរបស់កូរ៉េខាងជើង ព្រមទាំងការពង្រីកឥទ្ធិពលយោធារបស់ចិន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា នៅពេលជប៉ុនពិនិត្យឡើងវិញ លើគោលនយោបាយការបរទេសនិងសន្តិសុខ ជម្រើសទាំងអស់នឹងត្រូវស្ថិតក្រោមការពិចារណា រួមមានទាំងការផ្តល់សមត្ថភាពឲ្យកងកម្លាំងស្វ័យការពារជប៉ុន នូវសមត្ថភាពវាយប្រហារលើមូលដ្ឋានសត្រូវ។

ការផ្តល់សមត្ថភាពបែបនេះ គឺជាបញ្ហាដ៏រសើបបំផុតមួយ ដ្បិតកងស្វ័យការពារជប៉ុន មិនមានសមត្ថភាពធ្វើប្រតិបត្តិការ ដូចយោធាទូទៅរបស់បណ្តាប្រទេសដទៃទៀត ដោយសារតែការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញជប៉ុន ចាប់តាំងតែពីប្រទេសនេះ បានចាញ់សង្រ្គាមលោកលើកទីពីរ។

លោក គីស៉ីដា បានលើកឡើងថា ជប៉ុនមិនអាចមើលរំលងភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃការអភិវឌ្ឍមីស៉ីលរបស់កូរ៉េខាងជើងឡើយ ជាពិសេសបច្ចេកវិទ្យាមីស៉ីលល្បឿនលឿងជាងសំឡេង។ ជាមួយគ្នានេះ លោកបានបន្ថែមថា ចិនឯណោះកំពុងតែបន្តពង្រឹង និងពង្រីកឥទ្ធិពលយោធារបស់ខ្លូន ដោយឥតឈប់ឈរ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុន ទើបតែបានអនុម័តកញ្ចប់ថវិកាដ៏ច្រើនមិនធ្លាប់មានមួយ ដែលត្រូវឆ្លងកាត់ការអនុម័តពីសភាជប៉ុនបន្ថែមទៀត។ ប្រសិនបើឆ្លងផុតការអនុម័តចុងក្រោយ វានឹងនាំឲ្យកញ្ចប់ថវិកាយោធារបស់ប្រទេសជប៉ុន សម្រាប់ឆ្នាំបច្ចុប្បន្ន កើនដល់កំណត់ត្រា ៦.១ទ្រីលានយេន ឬស្មើនឹង៥៣.២ពាន់លានដុល្លារ ដែលជាកំណើន១៥ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ៕