(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលរបស់ចក្រភពអង់គ្លេស នៅយប់ថ្ងៃសៅរ៍នេះ បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Omicron នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) បាននិយាយថា ទីភ្នាក់ងារសន្តិសុខសុខាភិបាលអង់គ្លេស បានរកឃើញករណីវីរុសបំប្លែងថ្មីខាងលើ នៅទីក្រុងឆេមហ្វដ (Chelmsford) និងនៅទីក្រុងណូតទីងហាម (Nottingham)។ លោក ចាវីដ បានបញ្ជាក់ថា ករណីទាំងពីរគឺទាក់ទងគ្នា ហើយពួកគេព្រមទាំងក្រុមគ្រួសារ កំពុងអនុវត្តវិធានការចត្តាឡីស័ក ខណៈការធ្វើតេស្តបន្ថែម និងការស្វែងរកអ្នកពាក់ព័ន្ធ កំពុងតែប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញដំបូងនៅអាហ្រ្វិកខាងត្បូងក្នុងសប្តាហ៍នេះ ហើយមកទល់ឥឡូវ វាក៏ត្រូវបានរកឃើញនៅប្រទេសបុតស្វាណា, បែលហ្ស៉ិក, អ៉ីស្រាអែល, ទីក្រុងហុងកុង, និង ចក្រភពអង់គ្លេស។ កាលពីថ្ងៃសុក្រ ព្រមទាំងថ្ងៃសៅរ៍សប្តាហ៍នេះ ប្រទេសជាបន្តបន្ទាប់ រួមទាំងចក្រភពអង់គ្លេសផងដែរ បានប្រញាប់ប្រញាល់ចេញបម្រាមធ្វើដំណើរ និងការរឹតត្បិតលើ បណ្តាប្រទេសនៅតំបន់ភាគខាងត្បូងទ្វីបអាហ្រិ្វក ខណៈក្រុមអ្នកជំនាញបានព្រមានថា ការព្យាយាមទប់ស្កាត់វីរុសបំប្លែងថ្មី Omicron កុំឲ្យរីករាលដាល ប្រហែលយឺតពេលបន្តិចទៅហើយ៕