(ប៉េកាំង)៖ ដោយសារនៅតំបន់ជនបទនៃប្រទេសហ្ស៊ីមបាវេ ខ្វះប្រភពទឹកស្អាតក្នុងរយៈពេលយូរ ដូច្នេះ អ្នកភូមិជាច្រើនធា្លប់ឆ្លងជំងឺអាសន្នរោគជាដើម។ ពីឆ្នាំ២០១២ ដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានជួយហ្ស៊ីមបាវេ កសាងអណ្តូងទឹកចំនួន ១,០០០កន្លែង ដែលបានផ្តល់អំណោយផលដល់ប្រជាជនជាង ៤សែននាក់ក្នុងតំបន់នេះ ហើយអ្នកភូមិទាំងអស់ក៏មិនដែលឆ្លងជំងឺ ដោយសារប្រភពទឹកមិនស្អាតទៀតដែរ។

កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា រដ្ឋាភិបាលចិនបានប្រកាសសៀវភៅស ក្រោមចំណងជើងថា «កិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកក្នុងយុគសម័យថ្មី» ដែលបានរំលឹកដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិក។ សូមយកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាឧទាហរណ៍ ខណៈពេលប្រទេសចិន ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងលំបាកលំបិន ទោះបីប្រទេសអាហ្វ្រិកមួយចំនួនមិនសូវធូរធាក៏ដោយ ប៉ុន្តែនៅតែសកម្មបរិច្ចាគប្រាក់ និងសម្ភារៈដល់ប្រទេសចិន។

រីឯបន្ទាប់ពីអាហ្វ្រិកកើតមានការរីករាលដាល នៃជំងឺកូវីដ១៩ ប្រទេសចិនក៏បានផ្តល់ជំនួយដោយទាន់ពេលវេលាដែរ គិតរហូតដល់បច្ចុប្បន្ននេះ ចិនបានផ្តល់វ៉ាក់សាំងសរុបជិត ២០០លានដូសដល់អាហ្វ្រិក ព្រមទាំងបានផ្តល់ជំនួយលើ វិស័យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយគ្រប់ជ្រុងជ្រោយដល់អាហ្វ្រិក ដោយឡែកចិនបានប្រកាសថា លុបចោលបំណុលឥណទានឥតការប្រាក់ របស់ប្រទេសអាហ្វ្រិកចំនួន ១៥ ប្រទេសដល់ចុងឆ្នាំ២០២០។ អនុលោមតាមគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់ និងផ្លូវ» ប្រទេសចិនបានជួយប្រទេសអាហ្វ្រិក លើកកម្ពស់កម្រិតថ្នាក់របស់ហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ ដើម្បីលើកស្ទួយសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការក្នុងតំបន់។

ដូចជានៅប្រទេសអាហ្វ្រិកសាងសង់ និងកែលម្អផ្លូវដែកប្រវែងលើសពី ១ម៉ឺនគីឡូម៉ែត្រ សាងសង់ផ្លូវថ្នល់ប្រវែងជិត ១សែនគីឡូម៉ែត្រ, ស្ពានជិត ១ពាន់ខ្នង, កំពង់ផែជិត ១០០កន្លែង, បណ្តាញទូរគមនាគមន៍សំខាន់ប្រវែង ១៥ម៉ឺនគីឡូម៉ែត្រ និងសេវាបណ្តាញអ៊ីនធឺណែត ដែលអាចគ្របដណ្តប់អ្នកប្រើប្រាស់ជិត ៧០០លាននាក់។ល។ ចាប់តាំងពីបានបង្កើត វេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកមក ជំនួយជាក់ស្តែងដែលចិនបានផ្តល់ដល់អាហ្វ្រិក បានបង្ហាញពីខ្លឹមសាររបស់ «មិត្តភក្តិចាស់ មិត្តភក្តិដ៏ពិតប្រាកដ និងមិត្តភក្តិល្អ»

ព្រមពេលជាមួយគ្នានេះ ក្នុងវិស័យរីកចម្រើនថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល អាកាសចរណ៍ និងអវកាស និងថាមពលស្អាតជាដើម ប្រទេសចិនមិនត្រឹមតែបានជួយអាហ្វ្រិក បណ្តុះបណ្តាលធនធានមនុស្សខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បានប្រើប្រាស់ទិន្នន័យ ចាប់ពីទីឆ្ងាយរបស់ខ្លួនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអាហ្វ្រិកលើវិស័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ការកំណត់ទីតាំង និងណែនាំផ្លូវដោយផ្កាយរណប និងកសិកម្មចំគោលដៅជាដើម។

ប៉ុន្មានថ្ងៃខាងមុខនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជុំថ្មីនៃ វេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកនឹងបើកធ្វើនៅប្រទេសសេណេហ្គាល់។ តាមដំណឹងជាសាធារណៈបានឱ្យដឹងថា ប្រទេសចិននឹងប្រកាសវិធានការសំខាន់ថ្មី អំពីកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រការនេះមុខជានឹងនាំមកនូវអារម្មណ៍ទទួលបាន កាន់តែច្រើនឡើងៗដល់ប្រជាជនរបស់ភាគីទាំងពីរជាមិនខាន។ មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏គ្មានកម្លាំងណាមួយអាចធ្វើឱ្យរង្គោះរង្គើ នូវកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកនោះទេ៕