(ប៉េកាំង)៖ ចិន នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថ្កោលទោសចំពោះការធ្វើកុបកម្មតវ៉ាដ៏ហិង្សា នៅក្នុងប្រទេសដែនកោះសូឡូម៉ុន (Solomon) ជាមួយការសន្យាធានាសុវត្ថិភាពជូនពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅលើដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ដូច្នេះថា «ចិន...ថ្កោលទោសអំពើហិង្សាដែល បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងការខូចខាតទ្រព្យសម្បត្តិ»។ លោកបន្ថែមថារដ្ឋាភិបាលទីក្រុងប៉េកាំង នឹងធានាការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់ព្រមទាំង ផលប្រយោជន៍របស់ពលរដ្ឋចិន និងស្ថាប័នរបស់ចិន។

គួរបញ្ជាក់ថា កុបកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយរដ្ឋមន្ត្រីសូឡូម៉ុន លោក Manasseh Sogavare កើតមានឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយ COVID-19 និងជម្លោះ ជាយូរអង្វែងណាស់មកហើយ រវាងប្រជាជននៅលើកោះ Malaita និងរដ្ឋាភិបាលកណ្ដាលសូឡូម៉ុន មានមូលដ្ឋាននៅលើកោះ Guadalcanal។ កុបកម្មតវ៉ា ដែលអូសបន្លាយពេល ៣ថ្ងៃមកនេះ បានបង្កឱ្យមានភាពភ័យខ្លាច និងចលាចលយ៉ាងខ្លាំង ស្របពេលមានជនឆ្លៀតឱកាសខ្លះបានចូលលួច ឬប្លន់នៅតាមហាងទំនើបនានា ក្នុងរដ្ឋធានី Honiara។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីរងរបួស ឬស្លាប់ ឬក៏ការចាប់ខ្លួននៅឡើយទេ៕