(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីណែនាំឲ្យ រដ្ឋទាំងអស់នៅទូទាំងប្រទេស បង្កើនការធ្វើតេស្តឲ្យហ្មត់ចត់ លើអ្នកដំណើរអន្តរជាតិ ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង រួមនិងប្រទេសមានហានិភ័យដទៃៗទៀត ចំពោះមុខក្តីបារម្ភពាក់ព័ន្ធការលេចឡើងនៃវីរុស COVID-19 បំប្លែងថ្មីមួយផ្សេងទៀត ខណៈឥណ្ឌាទើបតែបានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលឥណ្ឌាបានលើកឡើងថា វីរុសបំប្លែងថ្មីមួយទៀតនៃ COVID-19 មានលេខសម្គាល់ «B.1.1.529» ត្រូវគេរាយការណ៍ថា មានការបំប្លែងខ្លួនយ៉ាងធ្ងន់ធ្ងរ ជាងវីរុសបំប្លែងខ្លួនដទៃៗទៀត។ ដូច្នេះហើយ វាបង្កហានិភ័យខ្លាំងចំពោះ សុខភាពសាធារណៈរបស់ប្រទេសឥណ្ឌា ខណៈទើបតែការបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ និងការបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសអាហ្រ្វិកក្បែរខាងមួយចំនួនទៀត ព្រមទាំងទីក្រុងហុងកុងផងដែរ។ ចំណែកប្រទេសដូចជាអង់គ្លេស និងអ៉ីស្រាអែល បានសម្រេចផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ជាមួយប្រទេសចំនួន៦ នៅអាហ្រ្វិក ដោយសារតែក្តីបារម្ភអំពីវីរុសបំប្លែងថ្មីនេះ៕