(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មីមួយផ្សេងទៀត ដែលកំពុងឆ្លងរីករាលដាលនៅប្រទេសអាហ្រ្វិកខាងត្បូង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងដំណើរការមិនប្រក្រតីនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បាននិយាយថា វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ថា B.1.1.529 មានទ្រង់ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីបានកំណត់ថា វីរុសនេះ ប្រហែលជាមានការបំប្លែងខ្លួនទ្វេដង ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល «អាក្រក់បំផុត» ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ។

វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានគេកំណត់អត្តសញ្ញាណឃើញជាលើកដំបូង នៅដើមសប្តាហ៍នេះ នៅប្រទេសអាហ្វ្រិកខាងត្បូង។ ជុំវិញបញ្ហានេះ ចក្រភពអង់គ្លេសបានប្រញាប់ប្រញាល់ ណែនាំឱ្យដាក់ចេញនូវវិធានការរឹតត្បឹត លើការធ្វើដំណើរពីប្រទេសនេះ និងប្រទេសជិតខាងចំនួន ៥ ទៀត គឺប្រទេសណាមីបៀ (Namibia), បុតស្វាណា (Botswana), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ហើយអ្នកដំណើរជនជាតិអង់គ្លេស ដែលត្រឡប់មកពីគោលដៅទាំងនោះ នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង បាននិយាយថា ពួកគេបានរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ក្នុងចំនួនតិចតួច ហើយកំពុងធ្វើការ ដើម្បីស្វែងយល់ពីផលប៉ះពាល់របស់វា។ ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ក៏កំពុងសិក្សា ដើម្បីកំណត់ឥទ្ធិពលនៃវីរុសបំប្លែងថ្មីនេះផងដែរ៕